លោក ហ៊ុន ចាន់រាជ និយាយអំពី ព្រំ សំណាង រឿងចេញទៅប្រកួតនៅក្រៅប្រទេស
នៅចុងសប្តាហ៍នេះក្នុងកម្មវិធី Mas Fight កីឡាករគុនខ្មែរទំងន់ធ្ងន់ ព្រំ សំណាង បានមានឈ្មោះប្រកួតទៀតហើយ ដោយលើកនេះត្រូវតទល់ជាមួយអ្នកប្រដាល់មកពីប្រទេស New Zealand ថមមី ហ្គាន់ លើប្រភេទទំងន់៨០គីឡូក្រាម។ គួររំលឹកថា កាលពីចុងសប្តាហ៍ថ្ងៃសៅរ៍កន្លងទៅ កូនសិស្សរបស់លោកគ្រូ ហង្ស សឿន ទើបតែផ្តួលឲ្យកីឡាករមកពីប្រទេសស្វីស ត្រូវលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៣ ហើយភាគច្រើនរាល់កីឡាករដែលមកប្រកួតជាមួយ ព្រំ សំណាង ភាគតិចណាស់ដែលអាចចប់ចុងចប់ដើម។
ទាក់ទង់និងការប្រកួតរបស់ ព្រំ សំណាង កន្លងមក លោក ហ៊ុន ចាន់រាជ ដែលជាប្រធានក្លឹប Cambodia Top Team ក៏ដូចជាអ្នកដឹកនាំកីឡាករគុនខ្មែរចេញទៅប្រកួតក្រៅស្រុក លោកក៏បាននិយាយទាក់ទង់ការនាំយក ព្រំ សំណាង ចេញទៅប្រកួតនៅក្រៅស្រុកថា៖ កន្លងមកលោកធ្លាប់បញ្ជូនឈ្មោះ ព្រំ សំណាង ទៅសង្វៀនក្រៅប្រទេសដែរ ទាំងខាងថៃ និង ខាងភូមា តែខាងគេហាក់បីដូចជាមិនចាប់អារម្មណ៍លើប្រភេទគីឡូធំសោះ ដូច្នេះលោកក៏បានប្រាប់ខាងគេវិញបើចង់បានគីឡូធំប្រកួតសូមទាក់ទងមកលោក។
គួរបញ្ជាក់ថា បន្ទាប់ពីក្រុមការងារ MSR SPORT បានចុះផ្សាយព័ត៌មានជាច្រើនរបស់ ព្រំ សំណាង ក៏មានបងប្អូនមួយចំនួនសំណូមពរអោយយកកីឡាករនៅក្លឹបឆ័ត្រយោង៩១១ទៅប្រកួតនៅក្រៅស្រុក ដើម្បីឲ្យដឹងពីសមត្ថភាពខ្លួនឯងពិតប្រាកដ៕