អតីតដៃគូ ឃុន ឌីម៉ា ឡើងប្រកួតដណ្តើមខ្សែក្រវាត់នៅ One Championship
អតីតដៃគូរបស់នាគខ្មៅ ឃុន ឌីម៉ា នៅសង្វៀន One Championship កីឡាករហ្វីលីពីន Rane Catalanបានអភិវឌ្ឍន៍ខ្លួនរហូតមានសមត្ថភាពប្រកួតដណ្តើមខ្សែក្រវាត់ ONE Strawweight World Championship ជាមួយមិត្តរួមជាតិ Joshua Pacio ក្នុងព្រឹត្តិការណ៍ MASTERS OF FATE ដែលរៀបចំឡើងដោយស្ថាប័ន One Championship នាថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខ នេះ នាទីក្រុង ម៉ានីល ប្រទេសហ្វីលីពីន ។
Rene Catalan ធ្លាប់ត្រូវបាន ឌីម៉ា វាយអោយចុះចាញ់ក្នុងទឹកទី២ កាលពីខែ តុលា ឆ្នាំ ២០១៣ ក្នុងព្រឹត្តិការណ៍ One Championship ដែលធ្វើឡើងនៅប្រទេស សិង្ហបុរី ប៉ុន្តែការឈ្នះនោះត្រូវបានស្ថាប័នមួយសម្រេចមិនអោយឈ្នះវិញដោយហេតុថា ឌីម៉ា បានវាយពីខាងក្រោយ ។ Rene Catalan ក្រោយចាញ់ក្នុងការប្រកួតជាមួយ ឌីម៉ា រួចរូបគេបានប្រឹងប្រែងរហូតដល់មានសមត្ថភាពដណ្តើមខ្សែក្រវាត់ដោយ៦ប្រកួតចុងក្រោយរបស់គេមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ។
គួរំលឹកថា ម្ចាស់មេដាយមាស ឃុន ឌីម៉ា ក៏ធ្លាប់ប្រឡូក MMA បានចំនួន៣ប្រកួតនៅ One Champioship ផងដែរក្នុងអំឡុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ដោយមិនបានទទួលជោគជ័យនោះទេ ។
ក្រៅពីការប្រកួតដណ្តើមខ្សែក្រវាត់នេះនៅមានការប្រកួតពិសេសៗជាច្រើនទៀត ក្នុងនោះក៏មានអ្នកប្រដាល់គុនចម្រុះរបស់កម្ពុជាម្នាក់ផងដែរគឺម្ចាស់ខ្សែក្រវាត់ KWC ខុន ស៊ីចាន់ ត្រូវតតាំងជាមួយអ្នកប្រដាល់គុនចម្រុះរបស់ប្រទេសឥណ្ឌា Roshan Mainnam ។ ការប្រកួតទាំងអស់នេះស្ថានីយទូរទស្សន៍ CTN នឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៨ យប់តទៅ ៕