កាន់តែក្តៅ! លោក Jose Mourinho ជិតទទួលយកការងារគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal ហើយ
យោងតាមសា្ថប័នព័ត៌មានកីឡាល្បីៗនៅអង់គ្លេសជាច្រើនបានចុះផ្សាយយ៉ាងព្រោងព្រៀតថា លោក Jose Mourinho កំពុងតែពិចារណាសំណើរក្នុងការសម្រេចចិត្តមកដឹកនាំក្រុមកាំភ្លើងធំ Arsenal ក្នុងពេលឆាប់ៗនេះ។
ការផ្ទុះព័ត៌មាននេះឡើងគឺដោយសារតែ អតីតគ្រូបង្វឹក Porto, Chelsea, Inter Milan, Real Madrid និង Manchester United ត្រូវបានគេរាយការណ៍មកថា បានបង្ហើបថាខ្លួនចង់ក្លាយជាគ្រូបង្វឹកដែលឈ្នះពានរង្វាន់ Premier League ជាមួយក្លឹប៣ផ្សេងគ្នា ហើយ Arsenal គឺជាមួយដែលខ្លួនចង់មកដឹកនាំបន្ទាប់។
ជាក់ស្តែងកាលពីពេលថ្មីៗនេះកៅអីលោក Unai Emery ហាក់រងកម្តៅយ៉ាងខ្លាំងផងដែរ ក្រោយពីដឹកនាំក្រុមទទួលបានលទ្ធផលមិនសូវបានល្អនៅក្នុងរដូវកាលថ្មីនេះ ដោយនេះគឺជាហេតុផលមួយដែលអ្នកគាំទ្រជាច្រើនរបស់ Arsenal ចង់ឲ្យមានការផ្លាស់ប្តូរបែបនេះ។
គួរបញ្ជាក់ថា បុរសដែលមានរហស្សនាម The Special One កំពុងទំនេរមិនមានការងារធ្វើចាប់តាំងពីត្រូវ Manchester United បញ្ចប់តំណែងកាលពីខែធ្នូឆ្នាំមុនក្រោយពីដឹកនាំក្រុមមិនសូវបានលទ្ធផលល្អ។