![](https://www.msrsport.com/wp-content/uploads/2022/09/phat.jpg)
លោក ប៉ែន ផាត ថា ខ្លួនមិនមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីដឹកនាំជម្រើសជាតិទេ
អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ប៉ែន ផាត បានសរសេរលើគណនី Facebook របស់ខ្លួននាពេលថ្មីៗនេះថា លោកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តំណែងគ្រូបង្វឹកជម្រើសជាតិកម្ពុជាទេ ព្រោះលោកមិនមានវិញ្ញាបនត្រគ្រូបង្វឹកអាជីព។
អតីតកីឡាករក្លិបថៃ Rajapracha ត្រូវបានគណនី Facebook មួយលើកយោបល់ថា គួរតែចូលធ្វើគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានាពេលបច្ចុប្បន្ន។ យ៉ាងណា លោកថា លោកអាចដឹកនាំបានតែក្រុមកម្រិតយុវជនប៉ុណ្ណោះ។
លោក ប៉ែន ផាត សរសេរបែបនេះ “៖ សូមអរគុណណាស់ បាទ អ្នកនាង នី សម្បត្តិ ខ្ញុំអត់មាន Licence Professionnel ទេបាទ មានតែ Licence សំរាប់បង្ហាត់ ក្មេងពីតូចទៅ18ឆ្នាំតែប៉ុណ្ណោះ ចឹងហើយត្រូវតែគោរពច្បាប់របស់ បាល់ទាត់ពិភពលោក នៅស្រុកយើងមានអ្នកមាន licence professionnel ច្រើនរាប់មិនអស់ គាត់អាចធ្វើបាន 🙏ហើយមួយទៀតខ្ញុំឯងមិនសូវយកចិត្តឬអែបអបនរណាផងដែរ ឃើញខុសថាខុស ឃើញល្អថាល្អ។”
គួររំឭកថា លោក ប៉ែន ផាត ធ្លាប់ជាប់ជាកីឡាករជម្រើសជាតិកម្ពុជាអំឡុងសម័យសង្គមរាស្ត្រនិយម និងសាធារណរដ្ឋខ្មែរហើយធ្លាប់ប្រកបអាជីពនៅប្រទេសថៃ និងបារាំងទៀតផង៕