Arteta ថា ការស៊ី Chelsea គឺជាថ្នាំទិព្វសម្រាប់ Arsenal
អ្នកចាត់ការ Arsenal លោក Mikel Arteta និយាយថា ជ័យជម្នះលើ Chelsea នឹងក្លាយជាថ្នាំទិព្វដែលអាចផ្ដល់កម្លាំងសម្រាប់ក្រុមក្នុងការតស៊ូនៅក្របខណ្ឌកំពូលបន្តទៀត។
គ្រូបង្វឹកជនជាតិអេស្ប៉ាញកំពុងស្ថិតក្រោមសម្ពាធខ្លាំង ព្រោះបច្ចុប្បន្នស្ថិតនៅលេខ១៥នៃក្របខណ្ឌកំពូល។ ពួកគេទើបធ្លាក់ពី League Cup ដោយចាញ់ Manchester City ១ទល់នឹង៤ នៅវគ្គ៨ក្រុមចុងក្រោយ។
នៅ Premier League ក្រុមកាំភ្លើងធំមិនទាន់ឈ្នះទេពីការប្រកួត៧លើកចុងក្រោយដោយរកបានតែពីរពិន្ទុប៉ុណ្ណោះ ចាប់តាំងពីឈ្នះ Manchester United នៅ Old Trafford កាលថ្ងៃទី០១ ខែវិច្ឆិកា។
លោក Arteta អះអាងថា បើឈ្នះ Chelsea ពិតជារឿងល្អមុនជួប Brighton និង West Brom បន្តទៀត។
អតីតជំនួយការ Pep Guardiola នៅ Manchester City ថ្លែងបែបនេះ “៖ថ្នាំដែលល្អបំផុត គឺការស៊ី Chelsea នេះឯង។”
Arsenal ស្ថិតនៅលើតំបន់កាត់ចោលចំនួន៤ពិន្ទុ ហើយលោក Arteta ថ្លែងថា ការប្រកួត៧ទៅ៨ថ្ងៃទៀតពិតជាសំខាន់ណាស់ថាតើក្រុមអាចឡើងដល់កម្រិតណា៕