PSG ជឿថា បើយក Pochettino បាន អាចនឹងទាក់ Messi បានដែរ
លោក Mauricio Pochettino ជាបេក្ខជនលេចធ្លោជាងគេក្នុងការឈានទៅកាន់តំំណែងអ្នកចាត់ការ Paris Saint Germain ជំនួសលោក Thomas Tuchel ដែលត្រូវបានបណ្ដេញកាលថ្ងៃទី២៤ ខែធ្នូ។
គេជឿថា ប្រសិនបើ PSG យកអតីតគ្រូ Spurs បានមែននោះ ក៏នឹងអាចមានឱកាសទិញយក Lionel Messi មកបានដែរ ព្រោះជាជនជាតិអាហ្សង់ទីនដូចគ្នា។ កន្លងមកក្រុមលុយធំនៅរដ្ឋធានីប៉ារីសត្រូវបានភ្ជាប់នឹងការផ្ទេរ Messi ដែលនឹងផុតកិច្ចសន្យានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
ខ្សែប្រយុទ្ធអាហ្សង់ទីនមានសិទ្ធិអាចនិយាយពិភាក្សាជាមួយក្រុមណាមួយចាប់ពីថ្ងៃទី០១ ខែមករា ហើយលោក Pochettino ក៏មិនលាក់បាំងរឿងចង់ដឹកនាំ Messi ដែរ។ Messi អាចធ្វើការរួមគ្នាជាមួយលោក Pochettino ហើយគេក៏មានមិត្តភក្ដិមួយចំនួនដូចជា Neymar ជាដើម។ យ៉ាងណា បច្ចុប្បន្នគេនៅតែផ្ដោតលើការជួយ Barcelona ជាមុនសិន។
ការបោះឆ្នោតរើសប្រធានក្លិប Barca ថ្មី ដែលគ្រោងធ្វើនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នឹងកំណត់ពីវាសនារបស់ Messi នៅ FC Barcelona។
គួរដឹងដែរថា Pochettino បានទំនេរពីការងារដឹកនាំក្រោយចែកផ្លូវជាមួយ Tottenham Hotspur នៅចុងឆ្នាំ២០១៩ ក្រោយធ្វើមិនសូវបានល្អនៅដើមរដូវកាល២០១៩/២០២០ និងបានជំនួសដោយលោក Jose Mourinho ដល់បច្ចុប្បន្ន៕