ក្លិប ភ្នំពេញក្រោន ប្រកាសនាំចូលខ្សែការពារជប៉ុន
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី ២៦ ធ្នូ នេះអំពីការសម្រេចចុះកិច្ចសន្យាជាមួយខ្សែការពារសញ្ជាតិជប៉ុន Takaki Ose ពីក្លិប អង្គរថាយហ្គឺរ ។
កីឡាករ Takaki បានចាប់ផ្តើមជាមួយក្លឹបអាជីពនៅឆ្នាំ២០១៨ជាមួយក្លឹប Pietà Hotspurs F.C. លីគទីមួយរបស់ប្រទេស Malta និងនៅឆ្នាំ២០១៩ រូបគេបានចូលរួមជាមួយក្លឹប Ahli Sidab Club លីគទី២របស់ប្រទេស Oman ហើយក្នុងឆ្នាំដដែលគេក៏បានមកចូលរួមជាមួយក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប ។
ការចូលរួមរបស់ខ្សែការពារ វ័យ២៥ឆ្នាំរូបនេះនឹងជាចំណែកមួយដ៏សំខាន់ក្នុងការជួយក្រុមសីង្ហក្រហមនារដូវកាលថ្មី ដែលត្រៀមនឹងចាប់ផ្តើមនាពេលខាងមុខ ។
សូមបញ្ជាក់ថា នេះជាកីឡាករបរទេសទី៣ដែលក្លិប ភ្នំពេញក្រោន បាននាំចូលនៅរដូវកាលនេះ ដែលកីឡាករពីររូបមុនមាន Yudai Ogawa មកពីអង្គរថាយហ្គឺរ និងខ្សែបម្រើប្រយុទ្ធ Silva ផ្ទេរពី សូលទីឡូអង្គរ ៕