Odion Ighalo រីករាយក្នុងការកាត់ទឹកប្រាក់ ៦ លានផោនដើម្បីចូលរួមជាមួយ Man Utd លើការផ្ទេរជាអចិន្ត្រៃយ៍
(BC-99)
Odion Ighalo រីករាយទទួលយកទឹកប្រាក់ ៦ លានផោនដើម្បីផ្លាស់មកកាន់ទឹកដី Old Trafford របស់បិសាចក្រហម Manchester United ជាអចិន្រ្តៃយ៍។
កីឡាករខ្សែប្រយុទ្ធ Ighalo បានក្លាយជាកីឡាករមិនពេញសិទ្ធមួយរូបរបស់ Manchester United កាលពីខែមករាក្រោយពីបានបំពេញបែបបទលក្ខខណ្ឌខ្ចីជើងរយៈពេលកន្លះរដូវកាលពីក្លឹប Shanghai Greenland Shenhua ។ ក៏ប៉ុន្តែបន្ទាប់ពីស៊ុតបាល់បញ្ចូលទីបាន ៤ គ្រាប់អោយក្រុមបិសាចក្រហមរួចមកស្រាប់តែអ្នកចាត់ការទូទៅ Ole Gunnar Solskjaer បានបង្ហាញពីចេតនាលើការផ្តល់កិច្ចព្រមព្រៀងអោយកីឡាករជនជាតិនីហ្សេរីយ៉ារូបនេះក្លាយជាសមាជិកពេញសិទ្ធរបស់ក្រុមខ្លួន។
Odion Ighalo ដែលឈានចូលដល់វ័យ ៣១ ឆ្នាំនៅខែ មិថុនា ខាងមុខនេះបានទទួលកម្រៃខ្លួន ២៤០,០០០ ផោនក្នុងមួយសប្តាហ៍ជាមួយក្រុម Shanghai Greenland Shenhua នៅលីកកំពូលប្រទេសចិន បានសុខចិត្តកាត់ប្រាក់ឈ្នួល ៥០ ភាគរយដើម្បីបានស្នាក់នៅជាមួយក្លឹបដែលខ្លួនស្រឡាញ់។ បានន័យថាគេយល់ព្រមទទួលកម្រៃខ្លួនត្រឹមតែ ១២០,០០០ ផោនប៉ុណ្ណោះពីក្រុម Manchester United។
Ighalo បានដឹងរួចជាស្រេចថាប្រធានហិរញ្ញវត្ថុរបស់ United នឹងមិនអោយកម្រៃឈ្នួលដូចដែលគេធ្លាប់ទទួលបាននៅចិននោះទេ ក៏ប៉ុន្តែប្រសិនបើមានកិច្ចព្រមព្រៀងមួយត្រូវបានធ្វើមែន គេយល់ព្រមចាកចេញពីប្រទេស ចិន មកស្នាក់នៅ អង់គ្លេស ជាអចិន្ត្រៃយ៍ដោយមិនមានបញ្ហាអ្វីឡើយ។ កិច្ចសន្យា Ighalo នៅជាមួយ Shanghai Greenland Shenhua មានសុពលភាពរហូតដល់ថ្ងៃចូលឆ្នាំសកល ២០២១ ប៉ុន្តែ United មានជម្រើសក្នុងការទិញផ្តាច់យករូបគេនៅអំឡុងទីផ្សារទិញដូរកីឡាករបើកសារជាថ្មីនៅអំឡុងខែ កក្កដា ខាងមុខនេះ។
បើតាមអោយដឹងពីគេហទំព័រផ្លូវការណ៍របស់បិសាចក្រហមបានបញញជាក់ថា អ្នកចាត់ការទូទៅ Solskjaer ចង់បានកីឡាករខ្សែប្រយុទ្ធជួរមុខដ៏មុតស្រួចម្នាក់ទៀតយកមកជួយក្រុមបើទោះជា Marcus Rashford នឹងជាសះស្បើយអាចវឹលចូលមកជួយក្រុមបានវិញចាប់ពីរដូវកាលក្រោយក៏ដោយ។ លោកតែងតែបារម្ភអំពីស្ថានការណ៍មិនល្អដែលបណ្តាលមកពីកីឡាកររងរបួសដែលអាចធ្វើអោយក្រុមធ្លាក់ក្នុងភាពវឹកវរដែលមានក្រុមមាន់ខ្នាយមាស Tottenham Hot Spur ជាមេរៀនស្រាប់។