ហេង ប្រុសនីត អាចមានសង្ឃឹមប្រកួតនៅថៃវិញ បន្ទាប់ពីម្ចាស់ក្លឹបថៃបានចរចាជាមួយ
បន្ទាប់ពីកីឡាករគុនខ្មែរដែលរស់នៅទឹកដីថៃ ហេង ប្រុសនីត បានសរសេរលើហ្វេកប៊ុកផ្ទាល់ខ្លួនថា ចាប់ពីថ្ងៃនេះទៅលែងមានអ្នកប្រដាល់ឈ្មោះ ហេង ប្រុសនីត ទៀតហើយបងប្អូន គួបផ្សំទាំងការចុះផ្សាយរបស់ MSR ក៏ដូចជាមានការស៊ែរព័ត៌មាននេះច្រើន រួមទាំងប្រតិកម្មរបស់អ្នកគាំទ្រ ហេង ប្រុសនីត ផ្ទាល់ទៀតនោះ បានធ្វើឲ្យប្រធានក្លឹបនៅប្រទេសថៃបានចរចាជាមួយក្រុមគ្រួសារ ប្រុសនីត ហើយវត្តមានរបស់គុនខ្មែរវ័យក្មេងរូបនេះមានសង្ឃឹម៩០ភាគរយ ដើម្បីមានឈ្មោះឡើងប្រកួតនៅទឹកដីនៃប្រទេសថៃជាបន្តទៀត នេះបើយោងតាមការបញ្ជាក់ពីមិត្តភ័ក្រផ្ទាល់របស់ ប្រុសនីត។
គួររំលឹកថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ គុនខ្មែរវ័យក្មេងគីឡូ៤៧ ប្រុសនីត ត្រូវបានក្លឹបប្រដាល់នៅថៃចង់ឲ្យរូបគេឋិតក្រោមការត្រួតត្រាររបស់ក្លឹប ពោលគឺមិនឲ្យអោយមានការលួកដៃពីសំណាក់ឪពុករបស់គេ តែខាងគ្រួសារនិងសាម៉ីខ្លួនមិនព្រម ដូចនេះហើយទើបក្លឹបនៅថៃមួយនេះក៏បានដកឈ្មោះ ហេង ប្រុសនី ដែលតំណាងជនជាតិខ្មែរមិនឲ្យឡើងប្រកួតនៅថៃជាបន្តទៀត ពិសេសគឺនៅសង្វៀន Max Muay Thai តែម្តង។
បច្ចុប្បន្ននេះក្រោមការចរចារពីម្ចាស់ក្លឹបផ្ទាល់ ក៏ដូចជាម្ចាស់ក្លឹបបានសុំទោសដល់គ្រួសារ ប្រុសនីត ចំពោះគ្រូបង្វឹកដែលនិយាយភាសាមិនសមរម្យ បានធ្វើឲ្យអ្វីៗប្រសើរឡើងវិញ ពិសេសវត្តមានរបស់ ប្រុសនីត អាចមានឈ្មោះប្រកួតក្នុងទឹកដីថៃជាបន្តទៀតបាន៕