Eden Hazard បង្ហើបរឿងរ៉ាវអំពីការសំរេចចិត្តចាកចេញពី Chelsea ទៅកាន់ Real Madrid
(BC-99)
កំពូលតារាបាល់ទាត់ប៊ែលហ្សិក Eden Hazard បានចំណាយពេល៧ឆ្នាំនៅ Stamford Bridge ដោយស៊ុតបាន ១០០ គ្រាប់អោយ Chelsea និងជួយអោយក្លឹបនេះឈ្នះពាន Premier League ២ ដង Europa League ម្តង, FA Cup ម្តងនិង EFL Cup ម្តង។
ទោះបីជាបានធ្វើអោយខ្លួនក្លាយជាវីរបុរសនៅភាគខាងលិចនៃទីក្រុងឡុងដ៍ក៏ដោយក៏ Hazard នៅតែធ្វើការសម្រេចចិត្តប្តូរមកកាន់ក្លិប Real Madrid ដែលជាក្លឹបមួយដែលរូបគេបានដក់ចិត្តស្រឡាញ់និងគាំទ្រតាំងពីវ័យកុមារ។ ហើយទីបំផុតកីឡាករវ័យ២៨ឆ្នាំរូបនេះក៏បានសម្រេចនូវគោលបំណងរបស់ខ្លួនក្នុងការផ្ទេរចេញកាលពីរដូវក្តៅមុននេះដោយក្រុមតោខៀវ Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Real Madrid លើតម្លៃខ្លួនជាង១០០លានផោន។ ថ្លែងទៅកាន់ទូរទស្សន៍ Real Madrid, Hazard បាននិយាយថា“ តាមពិតខ្ញុំបានគិតគូររួចទៅហើយថាខ្ញុំត្រូវតែបំពេញក្តីស្រមៃរបស់ខ្លួនឯង ខ្ញុំតែងតែនិយាយជាមួយខ្លួនឯងថាខ្ញុំត្រូវតែចូលរួមជាមួយ Real Madrid នៅពេលណាមួយ។ ខ្ញុំពុំអាចលាក់អារម្មណ៍នេះបានឡើយ រហូតដល់ពេលមួយដែលខ្ញុំបាននិយាយធ្លោយចេញមក។ ក្រុមគ្រួសារខ្ញុំ មិត្តភក្តិខ្ញុំនៅ Chelsea ក៏យល់ស្របពីរឿងនេះ។ រហូតដល់ថ្ងៃមួយទៀតដែលខ្ញុំបាននិយាយចរចារដោយផ្ទាល់ ហើយ Chelsea ក៏មិនបានបដិសេធអ្វីទាំងអស់”។
“ ក្តីសុបិន្តរបស់ខ្ញុំគឺតែងតែស្តែងចេញអំពីការលេងឱ្យក្រុម Real Madrid ដែលជាក្រុមអស្ចារ្យបំផុតនៅលើពិភពលោក ហើយរហូតមកដល់ពេលនេះវាបានក្លាយជាការពិតហើយ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ Courtois ក៏ជាផ្នែកមួយដែលធ្វើអោយខ្ញុំឈានជើងមកកាន់ទីនេះដែរ ព្រោះគេតែងតែប្រាប់ខ្ញុំថា Real Madrid ជាក្លឹបល្អបំផុត” ។
ផ្សារភ្ជាប់ទៅនឹងរឿងខាងលើនេះដែរសម្រាប់លោក Frank Lampard ដែលជាអ្នកដឹកនាំថ្មីរបស់តោខៀវឯណោះវិញបាននិយាយនៅក្នុងអង្គសន្នីសិទសារព័ត៌មាននៅមុនពេលការប្រកួតរវាង Chelsea-Man Utd ក្នុងពានរង្វាន់ EFL Cup ចូលមកដល់ថា អវត្តមានរបស់ Eden Hazard មិនបានធ្វើអោយ Chelsea ជួបបញ្ហាឡើយបើទោះគេជាកីឡាករដ៏ល្អមួយរូបក៏ដោយ។ គេក៏ត្រូវការអភិវឌ្ឍន៍ក្នុងខណៈពេលដែលក្លិបក៏ចង់មានការវិវឌ្ឍន៍អោយកាន់តែខ្លាំងដូចគ្នា ពួកយើងសូមជូនពរអោយ Hazard សម្រេចនូវក្តីស្រមៃបានគ្រប់យ៉ាង។