សិស្សក្នុងក្លឹបប្រដាល់នាគរាជចតុមុខ រៀងរាល់យប់ត្រូវដកទូរស័ព្ទទុកទាំងអស់
នាគរាជចតុមុខ គឺជាក្លឹបប្រដាល់គុនខ្មែរមួយដែលបង្កើតឡើងជិត៣ឆ្នាំមកហើយ ដោយមានម្ចាស់ក្លឹបគឺលោក ស្វាយ សុខុន បច្ចុប្បន្នក្លឹបមួយនេះមានសិស្សកំពុងធ្វើការហ្វឹកជាង៣០នាក់ ដោយភាគច្រើនសុទ្ធតែថ្នាលគុនខ្មែរ សម្រាប់ក្លឹបនាគរាជចតុមុខ វិន័យគឺសំខាន់បំផុត។ បើយោងតាមសំដីរបស់លោក ស្វាយ សុខុន បាននិយាយប្រាប់ MSR SPORT ថា៖ ដោយភាគច្រើនសិស្សរបស់លោកសុទ្ធតែយុវជនវ័យក្មេង ដូចនេះហើយលោកត្រូវតែពង្រឹងលើវិន័យក្នុងការហ្វឹកហាត់ឲ្យខ្លាំង ដើម្បីឲ្យពួកគេចេះទំលាប់ខ្លួនតាំងពីក្មេង មិនថាការហ្វឹកហាត់នៅក្នុងកន្លែង រឺក៏រត់ទៅខាងក្រៅក្តី។ ជាងរៀងរាល់យប់ចាប់ពីម៉ោង៩តទៅ លោកក៏បានប្រាប់កីឡាករទាំងអស់ត្រូវតែយកទូរស័ព្ទមកទុកទាំងអស់ មិនថាកីឡាករកម្រិតណាក៏ដោយ។ លោកគ្រូក៏បានបន្ថែមទៀតថា មូលហេតុដែលលោកមិនអនុញ្ញាតឲ្យកូនសិស្សទុកទូរស័ព្ទជាប់និងខ្លួនក៏ដោយសារតែចង់ឲ្យសិស្សបានដេកគ្រប់គ្រាន់ ព្រោះត្រូវក្រោកឡើងនៅពេលព្រលឹមដើម្បីហ្វឹកហាត់ ម្យ៉ាងវិញទៀតការហ្វឹកហាត់ព្រឹកនិងល្ងាចវាល្មមឲ្យសិស្សទាំងនោះអស់កម្លាំង និងត្រូវចូលសម្រាកពីព្រលប់ហើយ។
សព្វថ្ងៃនេះកីឡាករដែលលោកគ្រូ ស្វាយ សុខុន យល់ថាពួកគេទាំងនោះចាប់ផ្តើមមានលទ្ធភាពក្នុងការចូលប្រឡូកលើសង្វៀនមិនថាការប្រកួតជាមួយគុនខ្មែរគ្នាឯង រឺក៏អន្តរជាតិ មានដូចជា កីឡាករ រិន ដេវិន កីឡាករ កាន់ ម៉េងហុង កីឡាករ ប៊ន ពន្លឹក កីឡាករ ឈុំ ស្រស់ កីឡាករ ថន វាសនា និង ថន សារុន ជាដើម។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះកូនសិស្សរបស់លោកគ្រូ ស្វាយ សុខុន ៣រូបដែលកំពុងមានប្រជាប្រិយ៍ភាពជាងគេគឺមាន៣រូប ដូចជា៖ រិន ដេវិត ដែលធ្លាប់មានបទពិសោធន៍ប្រកួតអន្តរជាតិបាន២ទៅ៣ដង កីឡាករ កាន់ ម៉េងហុង ធ្លាប់ជាម្ចាសប្រាក់លាន ដេនីក្វាន់ និង ប៊ន ពន្លឺក ទើបតែបំបាក់ដំណើរមិនដែលចាញ់របស់ ធន់ វិស្នុ៕