Emmanuel ដែលប្រកួតតំណាងអោយខ្មែរចាញ់លើកដំបូងនៅ ONE Warrior
មុននេះបន្ថិច កីឡាករនីហ្សេរីយ៉ារស់នៅកម្ពុជា Emmanuel Onyedikachi ដែលហាត់គុនខ្មែរ និងក្បាច់គុនចម្រុះ នៅក្លិប សីល្បះ ជាមួយកីឡាករ ចាន់ រតនា បានប្រកួតចាញ់កីឡាករ អាមេរិក Devon Morris ក្នុងទឹកទីពីរ កម្មវិធី ONE Warrior Series ដែលជាកម្មវិធីចុះស្វែងរកកីឡាករផ្សេងៗទូទាំងអាស៊ី និងរៀបចំការប្រកួតដើម្បីជ្រើសរើសកីឡាករល្អសម្រាប់ប្រកួតក្នុងសង្វៀនធំ ONE។
នេះជាការចាញ់លើកដំបូងផងដែរសម្រាប់កីឡាករដែលមានប្រពន្ធជាជនជាតិខ្មែររូបនេះ ខណៈការប្រកួតបីដងកន្លងមករូបគេតែងតែទទួលបានជ័យជម្នះហើយបានឈានដល់ ការប្រកួតគូឯកនៅពេលនេះផងដែរ ។
ជ័យជម្នះទាំង៣ប្រកួតរបស់ Emmauel នៅសង្វៀន ONE គឺឈ្នះពិន្ទុកីឡាករចិន Xiao Xiang Xie កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ និងឈ្នះពិន្ទុកីឡាករថៃ Nat Natchayangkul កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ព្រមទាំងផ្តួលកីឡាករឥណ្ឌា Sandeep Kumar Dahiya ក្នុងទឹកទី១ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ៕