
អ៊ុល រ៉ាវី ថា ក្លិបនគរបាលជាតិមានគុណលើខ្លួនច្រើន
ទាំងអាជីពបាល់ទាត់មានប្រាក់ចំណូលសមរម្យ, ការងារជាមន្ត្រីរាជការ និងឱកាសជាប់ជម្រើសជាតិ គឺសុទ្ធតែមានការរួមចំណែកពីក្លិបបាល់ទាត់នគរបាលជាតិ។ នេះជាការលើកឡើងពី អ៊ុល រ៉ាវី។ គេថា ក្លិប និងថ្នាក់ដឹកនាំពិតជាបានជួយជ្រោមជ្រែងគេច្រើនក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ។
ខ្សែបម្រើពាក់លេខ១០ថ្លែងបែបនេះ “៖ ១១ឆ្នាំនៅនគរបាលជាតិពិតជាជួយខ្ញុំបានច្រើន ទាំងការមានប្រាក់ខែសមរម្យ, បទពិសោធ, ការងាររដ្ឋដ៏ល្អសម្រាប់ខ្លួនឯង។ ពេលខ្ញុំមានបញ្ហារបួសអី ក្លិប និងថ្នាក់ដឹកនាំបានយកចិត្តទុកលើដាក់លើខ្ញុំ ជួយរ៉ាប់រងខ្ញុំទាំងស្រុង។”
អតីតកីឡាករយុវជនជម្រើសជាតិកម្ពុជាបង្ហើបថា ធ្លាប់មានក្លិបផ្សេងៗទាក់ទងដែរតែសម្រេចចិត្តបន្តនៅនគរបាលជាតិដោយសារការជួយជ្រោមជ្រែងរូបគេយ៉ាងច្រើននេះហើយ។ គេសង្កត់ធ្ងន់ថា ចង់បន្តនៅក្រុមជើងឯកសម្ដេចតេជោ ហ៊ុន សែន ២០១៤ មួយនេះរហូតដល់ពេលចូលនិវត្តន៍ពីកីឡាករតែម្ដង។
អ៊ុល រ៉ាវី បន្ថែម “៖ ធ្លាប់មាន២-៣ក្លិបទាក់ទងដែរ។ កាលហ្នុងពិចារណាដែរ ៥០-៥០។ តែនគរបាលជាតិ គឺជាក្លិបដែលជួយខ្ញុំស្គាល់បាល់ទាត់អាជីព ហើយខ្ញុំបានជាប់ជម្រើសជាតិ ជម្រើសយុវជនអ៊ីចឹង ដូច្នេះសម្រេចចិត្តថានៅលេងនៅទីនេះដល់ឥឡូវ។ ក្លិបបានជួយមានការងាររដ្ឋផង ហើយខ្ញុំចង់លេងដល់ចូលនិវត្តន៍នៅទីនេះតែម្ដង។”
គួររំឭកថា អ៊ុល រ៉ាវី បានចូលរួមជាមួយក្លិបនគរបាលជាតិក្នុងឆ្នាំ២០១០ ហើយរួមចំណែកឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៤។ គេក៏ធ្លាប់ជាប់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ, អាយុក្រោម២២ឆ្នាំ, ក្រោមអាយុ២៣ឆ្នាំ និងជាប់ក្រុមធំកាលឆ្នាំ២០១៧ដោយទទួលបានការចុចឈ្មោះពីអតីតគ្រូបង្គោលជនជាតិប្រេស៊ីល Leonardo Vitorino៕