
ទ្រី ប៊ុនស៊ាងយ៉ាលិន្ទ ប្រឹងហាត់ខ្លាំង២ឆ្នាំ ទើបអាចវិវឌ្ឍខ្លួនជាកីឡាករអាជីព
២០២១ជាឆ្នាំដំបូងដែលកីឡាករវ័យក្មេង ទ្រី ប៊ុនស៊ាងយ៉ាលិន្ទ ឈានជើងចូលបាល់ទាត់កម្រិតអាជីព ដោយចូលរួមជាមួយក្លិបអគ្គិសនីកម្ពុជា។ ដើមឡើយ យុវជនវ័យ២០ឆ្នាំរូបនេះធ្លាប់តែហ្វឹកហាត់ និងប្រកួតលើទីលានខ្នាតតូចប៉ុណ្ណោះ តែដោយសារតែការមើលឃើញសមត្ថភាពពីគ្រូបង្វឹក គេក៏ព្យាយាមសម្រួចខ្លួនលើទីលានខ្នាតធំបន្ថែមទៀត រហូតមានឱកាសចូលរួមជាមួយក្រុមតំណាងអង្គភាពអគ្គិសនីជាតិតែម្ដង។
កូនអ្នកភ្នំពេញដដែលអះអាង មិនធ្លាប់សូម្បីតែគិតថា គេអាចប្រែក្លាយជាកីឡាករបាល់ទាត់អាជីព ដោយគ្រាន់តែចូលចិត្ត និងហាត់បាល់តារាងតូចជាលក្ខណៈកម្សាន្ដសប្បាយប៉ុណ្ណោះ មិនដែលមានបំណងធំដុំជាងនេះទេ។ តែចូលដល់វ័យ១៦ឆ្នាំ គេបានស្គាល់គ្រូបង្វឹកបាល់ទាត់ទីលានខ្នាតតូចម្នាក់ដែលមានបទពិសោធជាអ្នកបង្ហាត់លើទីលានខ្នាតធំដែរ។
យ៉ាលិន្ទ រំឭកបែបនេះ “៖កាលអាយុ១៦ឆ្នាំ ខ្ញុំចូលហាត់បាល់ទាត់ខ្នាតតូច ដោយស្គាល់គ្រូម្នាក់។ កាលហ្នុងគាត់ក៏បានមើលឃើញសមត្ថភាពខ្ញុំថា ខ្ញុំអាចលេងតារាងធំបានដែរ អ៊ីចឹងគាត់ក៏ឆ្លៀតបង្ហាត់ខ្ញុំពីរបៀបលេងតារាងធំ។ ដល់អាយុ១៧ឆ្នាំ ខ្ញុំបានចូលរួមជាមួយក្រុម ISI U18 ទាំងខ្ញុំមិនដែលមានមូលដ្ឋានគ្រឹះបាល់ទាត់តារាងធំទេ។ ក្នុងវ័យ១៧ឆ្នាំហ្នឹង ខ្ញុំតស៊ូខ្លាំងមែនទែន ជួនកាលហាត់ដល់ទៅ៣ពេល។ ពេលព្រឹកហាត់ជាមួយ ISI, ដល់ថ្ងៃហាត់កម្លាំងជាមួយគ្រូបរទេស ហើយល្ងាចហាត់ហ្វូតសាលទៀត។ មានគ្រូចាំជួយណែនាំបង្ហាត់ និងបូករួមទាំងការបុកហាត់កម្លាំងដល់ផង រយៈពេល២ឆ្នាំ ខ្ញុំក៏អាចលេងកម្រិតអាជីពបាន ហើយក៏ធ្វើតេស្ដមកអគ្គិសនីនេះតែម្ដង។”
ទ្រី ប៊ុនស៊ាងយ៉ាលិន្ទ បន្ថែមថា រយៈពេល២ឆ្នាំនៅក្រុមយុវជន ISI គេបានចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់យ៉ាងច្រើន និងទទួលបានបទពិសោធក៏ច្រើនដែរ។ តែចំពោះការលេងនៅអគ្គិសនីកម្ពុជាដែលមានកម្រិតខ្ពស់ជាងនេះ គេនៅមិនទាន់សម្របខ្លួនរលូននៅឡើយទេ ព្រោះត្រូវការពេលបន្ថែមទៀតដើម្បីយល់កាន់តែច្បាស់ពីរបៀបលេងក្នុងក្រុម និងពង្រឹងកាយសម្បទា។
ក្នុងចំណោម៤ប្រកួតរបស់អគ្គិសនីកម្ពុជា ទ្រី ប៊ុនស៊ាងយ៉ាលិន្ទ បង្ហាញខ្លួនបាន២លើកក្នុងជំនួបជាមួយណាហ្គាវើលដ៍ និងអគ្គិសនីកម្ពុជា។ គេថា ពេលកំពុងក្ដោបឱកាសជាកីឡាករអាជីពបែបនេះ គេនឹងព្យាយាមខ្លាំងដើម្បីអភិវឌ្ឍខ្លួនកាន់តែល្អ អាចវិវឌ្ឍខ្លួនទៅកាន់ក្រុមធំជាងនេះ ឬអាចឈានទៅកាន់ក្លិបបរទេសណាមួយនាពេលអនាគត៕