Carlos Tevez ឋិតក្នុងបញ្ជីដែល Manchester United ខ្ចីយកមកជំនួស Marcus Rashford ដែលកំពុងរងរបួសខ្នង
(BC-99)
អស់រយៈពេល ១១ ឆ្នាំកន្លងមកហើយដែលកីឡាករជនជាតិអាហ្សង់ទីន Carlos Tevez បានចាកចេញពីទឹកដី Old Trafford ដោយបានទៅចូលរួមជាមួយគូប្រជែង Man City, Juventus, Boca Junior និង Shanghai Shenhua មុននឹងបន្តទៅលេងអោយ Boca Junior សាជាថ្មីរហូតមកដល់ពេលបច្ចុប្បន្ន។
តាមសេចក្តីរាយការណ៍របស់ Tuttosport បានឲ្យដឹងថាក្រុមបិសាចក្រហម Manchester United កំពុងដាក់ឈ្មោះកីឡាករខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំ Carlos Tevez ចូលទៅក្នុងបញ្ជីរបស់ខ្លួនដែលនឹងយកមកជំនួសកីឡាករ Marcus Rashford ដែលកំពុងតែព្យាបាលរបួសខ្នង។
Carlos Tevez ត្រូវបានគេដឹងថានឹងបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយ Boca Junior នៅអំឡុងខែ មិថុនា ឆ្នាំនេះហេតុនេះហើយទើបគេជឿថា United នឹងធ្វើការស្នើសុំខ្ចី Tevez យកមកកាន់ អង់គ្លេស សាជាថ្មីរហូតដល់ចប់រដូវកាលនេះតែម្តង។
គួរបញ្ជាក់ជូនដែរថា Tevez បានជួយអោយបិសាចក្រហម Manchester United ឈ្នះពាន Premier League ២ សម័យកាល FA Cup ១ Champions League ១ និង FIFA Club World Cup ១ សម័យកាលខណៈដែលគេក៏បានជួយអោយ Man City ឈ្នះពានរង្វាន់ Premier League ១សម័យកាលនិង FA Cup ម្តងផងដែរមុនពេលដែលគេបានផ្លាស់ទៅ Juventus ដែលនៅទីនុះគេបានជួយអោយក្លិបនៅអ៊ីតាលីនេះឈ្នះពាន Serrie A ២ សម័យកាលនិងពាន Copa Italiana ម្តងដែរ។