រឿង សោភ័ណ្ឌ ប្រាប់ពីបារំាងថាកត្តាវេលាទើបធ្វើអោយកម្លាំងមិនសូវពេញ
ក្រោយចេញទៅប្រកួតនៅប្រទេសបារាំង រឿង សោភ័ណ្ឌ រកបានខ្សែក្រវាត់២គ្រឿងហើយ ដោយបានមកពីការឈ្នះលើដៃគូចំនួនពីរប្រកួតរបស់អ្នកលេងគុនខ្មែររូបនេះ ។ ប្រកួតដំបូងកាលពីថ្ងៃទី ១៤ មេសា កូនសិស្សរបស់លោក ឈិត ខ្វាន់ចៃ បានឈ្នះកីឡាករម៉ារុក ក្នុងទឹកទីពីរទទួលបានខ្សែក្រវាត់មួយគ្រឿង ។
ប្រកួតលើកទីពីរកាលថ្ងៃអាទិត្យ ទី២៩ មេសា ត្រូវនឹងយប់ថ្ងៃសៅរ៍ នៅប្រទេសបារាំង រឿង សោភ័ណ្ឌ បានបន្តឈ្នះកីឡាករបារាំង Djaadane Abderrezzag ក្រោយប្រកួត ពេញ៥ទឹក ខណៈការប្រកួតនេះគេមើលឃើញថាកម្លាំងរបស់កីឡាករដើមកំណើត ខេត្តកណ្តាលហាក់ដូចជាមិនសូវពេញល្អ ។
មុនឈានដល់ការប្រកួតលើកទីបី រឿង សោភ័ណ្ឌ បានអោយដឹងពីបារាំងថា សម្រាប់ការប្រកួតកន្លងមកកម្លាំងពិតជាមិនសូវពេញមែន ពីព្រោះកត្តាពេលវេលាព្រោះ ធ្លាប់តែនៅកម្ពុជា ពេលទៅបារាំងម៉ោងខុសគ្នា គឺយើងព្រឹក គេយប់ ចឹងខ្ញុំប្រកួតនៅទីនោះ ដូចប្រកួតជិតភ្លឺនៅខ្មែរចឹង ។ គេបន្ថែមថា យ៉ាងណានឹងប្រឹងប្រែងធ្វើអោយបានល្អបន្តទៀត ដើម្បីគុនខ្មែរយើង ។
តាមគម្រោងកណ្តាប់ដៃភ្លើងជើងរន្ទះត្រូវប្រកួតជាមួយជើងនៅការប្រកួតជាបន្តទៀតក្នុងទឹកដីប្រទេសបារាំង ខណៈពេលវេលានិងដៃគូមិនទាន់ដឹងច្បាស់នៅឡើយ ៕