
ក្លិបម៉ាឡេស៊ី Pahang FA បានចែកផ្លូវគ្នាជាមួយ ចាន់ វឌ្ឍនាកា ហើយ !
ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានក្លិបបាល់ទាត់ម៉ាឡេស៊ី Pahang FA សម្រេចបញ្ចប់កិច្ចសន្យាមុនកាលកំណត់ដើម្បីចាប់យកកីឡាករបរទេសពីររូបផ្សេងវិញ ក្នុងការពង្រឹងក្រុមប្រកួតប្រជែងយកពានលីគកំពូលម៉ាឡេស៊ី នៅរដូវកាលនេះ ។
គ្រូបង្វឹក Pahang FA លោក Dollah Salleh បានបញ្ជាក់ថា ៖ ក្លិបបានសម្រេចនាំចូល កីឡាករបរទេសពីររូបវិញ ហើយសង្ឃឹមថាពួកគេនឹងជួបក្រុមបានច្រើន ក្នុងការប្រកួត នៅរដូវកាលនេះ ក្នុងនោះមានកីឡាករអាហ្សង់ទីន Amutu និង កីឡាករ Issey Nakajima ដែលពួកគេត្រូវមកជំនួសកន្លែង ចាន់ វឌ្ឍនាកា និង កីឡាករ Francis Forkey Doe ។
លោក Dollah បានប្រាប់ FOX Sports Asia ថាលោកចង់ឃើញលទ្ធផលល្អប្រសើរជាងមុន កាលពីដាក់ ចាន់ វឌ្ឍនាកា លេងស្មើ 2-2 ជាមួយនឹង Kuala Lumpur FA កាលពីថ្ងៃទី 15 ខែមេសា។ លោកបន្តថាទោះបី ចាន់ វឌ្ឍនាកា មិនសូវរីចចម្រើននៅក្នុងក្លិប ប៉ុន្តែគាត់បានចាក ចាញទៅដោយមានការចងចាំល្អៗជាមួយក្លិបផងដែរ ។
ចាន់ វឌ្ឍនាកា ទើបរកគ្រាប់បានមួយគ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួននៅលីគកំពូលរបស់ម៉ាឡេស៊ី នៅរដូវកាលនេះ ។
នេះជាកីឡាករកម្ពុជាទីពីរហើយដែលក្លិបនៅម៉ាឡេស៊ីបានបញ្ចប់កិច្ចសន្យាមុនកំណត់ ខណៈ កន្លងមកមាន កែវ សុខផេង បានចែកផ្លូវជាមួយក្រុម PKNP កាលពីពេលថ្មីៗនេះ ។
កីឡាករកម្ពុជាពីររូបទៀតកំពុងលេងនៅលីគកំពូលម៉ាឡេស៊ី មាន ប្រាក់ មុន្នីឧត្តម និង ជារី ចន្ថាប៊ីន ៕