ជួបដៃគូដែលឈ្នះ ឈុត សេរីវាន់ថង ប៉ុន្តែ ឡុង ជិន ថាមិនមែនជាឧបសគ្គធំ
ខ្លារខិនខ្មៅ ឡុង ជិន បានបង្ហាញអារម្មណ៍មិនបារម្ភខ្លាំងនោះទេសម្រាប់ការជួបជាមួយកីឡាករថៃ ប្រាបផៃវី ដែលទើបយកឈ្នះជើងខ្លាំងវ័យក្មេងរបស់កម្ពុជា ឈុត សេរីវាន់ថង ដោយពិន្ទុ ដោយសាររូបគេបានតាមដានក្បាច់របស់កីឡារកថៃម្នាក់រួចរាល់ហើយ មុនប៉ះគ្នាក្នុងការប្រកួតជម្រុះខ្សែក្រវាត់ជុំទី១ កម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ នៅព្រឹកថ្ងៃ សៅរ៍ សប្តាហ៍នេះ ។
ឡុង ជិន បានប្រាប់ MSR SPORT ថា រូបគេបានមើលការប្រកួតរបស់កីឡាករថៃម្នាក់នេះរួចរាល់ហើយ ពេលដែលឈ្នះមិត្តរួមជាតិ សេីវាន់ថង ដោយសង្កេតឃើញថាគេជាកីឡាករដែលចូលចិត្តដើរបុកមិនរថយនោះទេពេលឡើងសង្វៀន ដូចនេះរូបគេក៏ត្រៀមអាវុធដើម្បីទប់ទល់រួចជាស្រាច់ ហើយក៏មិនថយដែរជាពិសេសបានត្រៀមកែងបុកសម្រាប់ទប់ទល់ជាមួយប្រភេទកីឡាករបែបនេះ ។
សម្រាប់កម្មវិធីកម្ពុជាសង្វៀនគុនខ្មែរក្រុមទី២នេះគុនខ្មែរបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពីររូប រួចហើយដោយក្នុងនោះមាន ឃីម បូរ៉ា និង ពុទ្ធ សំបូរ ខណៈមួយគូទៀតដែលត្រូវប្រកួតក្នុងថ្ងៃជាមួយ ឡុង ជិន នេះដែរ គឺជាការប៉ះគ្នារវាង ឈុត សេរីវាន់ថង និងកីឡាករថៃ ទួនប៉េ ចាប់ពីម៉ោង ៨ ព្រឹកតទៅ ៕