ឡុង សុវណ្ណឌឿន នឹងបានដីមួយកន្លែងបើឈ្នះ ព្រំ សំណាង
កីឡាករគុនខ្មែរ ឡុង សុវណ្ណឌឿន(ដន ឌឿន) នឹងទទួលបានដីមួយប្លង់(ដីមួយឡូតិ៍) បើឈ្នះកីឡាករ ព្រំ សំណាង(រុំ សំណាង) ក្នុងការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣ វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ។
គ្រូបង្វឹកក្នុងក្លិបប្រដាល់គុនខ្មែរនារាយណ៍តេជះ បានបង្ហើបថា បើគាត់ទទួលបានជ័យជម្នះលើកីឡាករ ព្រំ សំណាង ខាងម្ចាស់គណនី Facebook (គ្រួសារដីឡូតិ៍ នៅកម្ពុជា) នឹងជូនដីមួយកន្លែងសម្រាប់លើកទឹកចិត្តគាត់ក្នុងការប្រឹងប្រែងប្រកួតនេះ ។ ទោះបី ព្រំ សំណាង ជាជើងខ្លាំងលំដាប់ប្រទេស នឹងធ្លាប់ឈ្នះមេដាយមាសថ្នាក់ជាតិ និងស៊ីហ្គេម ប៉ុន្តែ សុវណ្ណឌឿន បានតាំងចិត្តថានឹងប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីយកមេដាយមាសជូនអង្គភាព និង រង្វាន់លើកទឹកចិត្តដីមួយកន្លែងនេះអោយបាន ។
គួររំលឹកផងដែរថា មុនឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ ឡុង សុវណ្ណឌឿន បានយកឈ្នះកីឡាករ ហេង ឆៃ និង ឆាំ គឹមហ៊ុង ចំណែកកីឡាករ ព្រំ សំណាង បានផ្តួលកីឡាករពីររូប ដូចគ្នាពោលឈ្នះ ថៃ វណ្ណា និង ជឿម ពិសិដ្ឋ ។ សម្រាប់ប្រវិត្តជួបគ្នា២ដងកន្លងមក ព្រំ សំណាង ធ្លាប់ផ្តួល ឡុង សុវណ្ណឌឿន ម្តង និងប្រកួត ១ ទល់ ៣ ម្តង នៅសង្វៀនថោន ស្មើ ។
សូមបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣ នេះ ឡុង សុវណ្ណឌឿន ប្រកួតតំណាងក្រសួងមហាផ្ទៃ ចំណែក ព្រំ សំណាង តំណាងក្រសួងការពារ លើប្រភេទទម្ងន់ ៨១ គីឡូក្រាម ។ ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣ វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ដែលធ្វើឡើង នាថ្ងៃទី ០១ ខែ កុម្ភៈ ២០២៤ នាទឹកដីខេត្ត កំពង់ឆ្នាំង ចាប់ពីម៉ោង ៥ ល្ងាចតទៅ ។