បងប្អូនគាំទ្រគុនខ្មែរក្នុងនិងក្រៅស្រុកខកចិត្តព្រោះកីឡាករឡើងមកប្រលែងគ្នា

រូបតំណាង
ជាច្រើនសប្តាហ៍ហើយដែលសង្វៀនប្រដាល់គុនខ្មែរប្រកួតដោយបិទទ្វារ ពោលគឺដើម្បីចូលរួមទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រឆាំងជំងឺកូរ៉ូណា (Covid-19) កុំឲ្យមានការរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា។ តែទោះបីជាយ៉ាងណា ពុកម៉ែបងប្អូនដែលនិយមគាំទ្រការប្រកួតគុនខ្មែរនៅតែសប្បាយចិត្ត ទោះបីត្រូវប្រកួតបិទទ្វារក៏ដោយ ប្រសើរជាងមិនប្រកួត។ ដោយឡែកសម្រាប់ប្រទេសនៅក្បែរខាងកម្ពុជាយើងវិញ គឺប្រទេសថៃដែលមានការប្រកួត ក៏ដូចជាក្បាច់គុន ដូចនិងប្រទេសយើងនោះ មិនមានធ្វើការប្រកួតដូចលើកៗមុនឡើយសូម្បីតែបិទ្វារប្រកួតក៏មិនបានដែរ។ គឺរាជរដ្ឋាភិបាលរបស់គេបិទសង្វៀនប្រកួតតែម្តង ព្រោះតែខ្លាចការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ម្យ៉ាងវិញទៀតក៏ដោយសារធ្លាប់មានអ្នកចូលរួមទស្សនា និង ពិធីករកីឡារបស់កម្មវិធី ឆ្លងជំងឺមួយនេះ ទើបរដ្ឋាភិបាលរបស់គេបិទសង្វៀនប្រកួតទូទាំងប្រទេសតែម្តង។

រូបតំណាង
ជាមួយគ្នានេះ ២សប្តាហ៍ហើយដែលការប្រកួតគុនខ្មែរនៅរាជធានីភ្នំពេញចាប់ផ្តើមប្រកួតឡើងវិញ តែមិនមានការប្រកួតអន្តរជាតិដូចរាល់ដងឡើយ ពោលគឺជាការប៉ៈគ្នារវាងគុនខ្មែរនិងគុនខ្មែរ ដោយកម្មវិធីខ្លះមានបន្ថែមប្រាក់លានលើតម្លៃខ្លួនកីឡាករ។ ការប្រកួតរវាងគុនខ្មែរនិងគុនខ្មែរ បានធ្វើឲ្យពុកម៉ែបងប្អូនមានអារម្មណ៍សប្បាយចិត្ត ព្រោះចង់ទស្សនាការប្រកួតនេះយូរហើយ ដោយកន្លងមកមានអារម្មណ៍ធុញជាមួយនិងការប្រកួតគុនខ្មែរ ប៉ៈកីឡាករមកពីបរទេស ពិសេសថៃតែម្តង។ ផ្ទុយមកវិញ អ្នកដែលទន្ទឹងរងចាំចង់ទស្សនាគុនខ្មែរប៉ៈគុនខ្មែរមានការខកបំណងយ៉ាងខ្លាំង ដោយសារតែការប្រកួតជាមួយនិងអ្នកប្រដាល់ខ្មែរគ្នាឯង កីឡាករប្រកួតមិនអស់ពីលទ្ធភាពដូចដែលបានរំពឹងទុក ដោយកីឡាករខ្លះមិនប្រើក្បាច់គុនខ្មែរដូចសព្វរាល់ដង និងមានការយោគយល់គ្នាច្រើន ពេលឡើងមកប្រកួតដូចប្រលែងគ្នាលេង និងជក់ចិត្តមួយភ្លេតៗ។

រូបតំណាង
ម្យ៉ាងវិញទៀតក៏មានប្អូនខ្មែរជាច្រើនដែលកំពុងរស់នៅប្រទេសថៃ បានផ្ញើរូបភាពជាសន្លឹកមកកាន់ MSR SPORT ដោយពួកគាត់បានបញ្ជាក់ថា៖ អ្នកនិយមទស្សនាប្រដាល់នៅប្រទេសថៃ ចាប់ផ្តើមទស្សនាប្រដាល់ខ្មែរច្រើនណាស់ ដូចនេះសូមឲ្យអ្នកប្រដាល់ខ្មែរយើងកុំលក់មុខមាត់ក្បាច់គុនយើងឲ្យសោះ ព្រោះកុំអោយគេមើលងាយថា យើងឡើងប្រកួតគ្នាបែបលេងសើច។ មិនត្រឹមតែបងប្អូនខ្មែរនៅក្រៅស្រុកទេ ដែលបានរិះគន់និងសុំណូមពរ សូម្បីតែអ្នកនៅក្នុងស្រុកក៏សូមឲ្យអ្នកប្រដាល់គុនខ្មែរ ធ្វើការប្រកួតឲ្យអស់ពីលទ្ធភាពរបស់ខ្លួន ដើម្បីបញ្ជាក់ថា នរណាជាអ្នកខ្លាំងរបស់គុនខ្មែរក្នុងប្រទេសកម្ពុជាពិតប្រាកដ៕