យ៉េន ឌីណា បេ្តជ្ញាវ៉ៃយកខ្សែក្រវាត់និងលុយជូនប្រពន្ធក្នុងជំនួបជាមួយ កូឡាបដាំ
អ្នកប្រដាល់ខេត្តកោះកុង យ៉េន ឌីណា បានបេ្តជ្ញាថានឹងប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីវ៉ៃយកខ្សែក្រវាត់និងលុយជូនប្រពន្ធរបស់ខ្លួន ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ខារ៉ាប៉ាវ ជាមួយកីឡាករថៃ កូឡាបដាំ នាថ្ងៃ សៅរ៍ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៩ នេះនាសង្វៀនអាស៊ីអាគ្នេយ៍ ចាប់ពីម៉ោង ២ រសៀលតទៅ ។
យ៉េន ឌីណា បានអោយដឹងថា រូបគេពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដូចនេះនឹងប្រឹងអោយអស់ពីសមត្ថភាពដើម្បីដណ្តើមខ្សែក្រវាត់និងថវិកាជូនប្រពន្ធជាទីស្រលាញ់របស់ខ្លួនដើម្បីយកប្រើប្រាស់សម្រាប់ជីវភាពរបស់ពួកគេដែលទើបរៀបការហើយជិតមួយឆ្នាំមកនេះ ។
ក្នុងការប្រកួតវគ្គសន្សំពិន្ទុ យ៉េន ឌីណា ធ្លាប់ចាញ់តែ កូឡាបដាំ រូបនេះម្នាក់គត់ហើយការចាញ់នោះធ្វើអោយរូបគេមិនសប្បាយចិត្តចំពោះលទ្ធផលដែលផ្តល់អោយនោះទេ ហើយមុនឈានដល់វគ្គនេះ យ៉េន ឌីណា បានយកឈ្នះកីឡាករគុនខ្មែរ ពុយ វណ្ណៈ ដោយពិន្ទុ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈកីឡាករថៃ កូឡាបដាំ មុនឡើងមកប៉ះគ្នាម្តងទៀតនេះរូបគេបានយកឈ្នះមិត្តរួមជាតិរបស់គេ លំ ឡេង ដោយពិន្ទុផងដែរ ៕