គុនខ្មែរ ចាន់ គង់រាជ បោះបង់អាជីពគុនខ្មែរទៅរត់ម៉ូតូកង់បីឥណ្ឌា
នេះគឺជារឿងគួរអោយសោកស្តាយដែល ចាន់ គង់រាជ ជាកីឡាករគុនខ្មែរវ័យជំទង់ម្នាក់សម្រេចចិត្តបោះបង់អាជីពគុនខ្មែរទៅរត់ម៉ូតូកង់បីឥណ្ឌា ខណៈដែលកូនសិស្សលោកគ្រូ មាស សុខគ្រី រូបនេះក្នុងចិត្តនៅតែស្រលាញ់គុនខ្មែរ ព្រមទាំងចង់ឡើងសង្វៀនប្រកួតផងដែរ។
![](https://www.msrsport.com/wp-content/uploads/2019/12/85.jpg)
ចាន់ គង់រាជ
បើយោងតាមការសាកសួរពីសំណាក់ក្រុមការងារ MSR SPORT កីឡាករនៅក្លឹបតាព្រហ្មមានជ័យរូបនេះបានឲ្យដឹងថា៖ រូបគេនៅតែស្រលាញ់គុនខ្មែរ ហើយក៏ចង់ឡើងសង្វៀនប្រកួតវិញដែរ តែផ្ទុយមកវិញកត្តាសុខភាពមិនអាចអោយរូបគេធ្វើទៅបាន ដោយសព្វថ្ងៃនេះរូបគេកំពុងតែមានជំងឺប្រចាំកាយ ហើយក៏ត្រូវបង្ខំចិត្តឈប់ឡើងសង្វៀនប្រកួត។
![](https://www.msrsport.com/wp-content/uploads/2019/12/30127532_923006717877749_771051791906242560_n.jpg)
ក្រុមអ្នកប្រយុទ្ធនៅក្លឹប តាព្រហ្មមានជ័យ
អ្នកប្រដាល់គុនខ្មែរដែលមានវ័យជាង២០ឆ្នាំរូបនេះ ធ្លាប់មានបទពិសោធន៍ប្រកួតអន្តរជាតិជាច្រើនក្នុងសង្វៀនរាជធានីភ្នំពេញដោយក្នុងនោះឈ្នះច្រើនជាងចាញ់ ហើយមួយរយៈក្រោយមកនេះប្រិយ៍មិត្តដែលនិយមគាំទ្រគុនខ្មែរក៏មិនដែលឃើញវត្តមានកីឡាកររូបនេះឡើងសង្វៀនទៀតដែរ បើយោងតាមការកត់ត្រានៅសង្វៀន CBS ចាន់ គង់រាជ បានបង្ហាញខ្លួនចុងក្រោយ ដោយប្រកួតចាញ់កីឡាករថៃ វីហ្គោ សដានឆ័យ នៅចុងខែធ្នូ ឆ្នាំ២០១៦ ចាប់តាំងពីពេលនោះមករូបគេក៏បាត់មុខពីសង្វៀនCBSតែម្តង៕