សុខ សាវិន ប្រាប់មូលហេតុដែលមិនបានចូលប្រកួតដណ្តើមខ្សែក្រវាត់ហ្សូរ៉ាស់
បន្ទាប់ពីមានការសំណូមពរពីសំណាក់ពុកម៉ែបងប្អូនដែលនិយមគាំទ្រប្រដាល់គុនខ្មែរ ចង់ឲ្យអ្នកប្រដាល់គុនខ្មែរ សុខ សាវិន ចូលរួមបេក្ខភាពប្រកួតដណ្តើមខ្សែក្រវាត់ហ្សូរ៉ាសលើប្រភេទទំងន់៦៣.៥គីឡូក្រាមនៅដើមឆ្នាំ២០១៩ខាងមុខនេះ, ស្របពេលជាមួយគ្នានេះដែរ កូនសិស្សលោកគ្រូ ស៊ន អេលីត រូបនេះក៏បាននិយាយប្រាប់ MSR ថា រូបគេមិនអាចមានសមត្ថភាពចូលរួមប្រកួតដណ្តើមខ្សែក្រវាត់នេះបានឡើយ ដោយហេតុផលថា គីឡូមិនដល់គេនោះទេ។
សាវិន ក៏បានបន្ថែមទៀតថា ភាគច្រើនរូបគេគឺប្រកួតក្នុងប្រភេទទំងន់ចន្លោះពី៥៩ទៅ៦០ ហើយបើអោយរូបគេប្រកួតក្នុងប្រភេទទំងន់៦៣.៥នោះគឺមិនបានទេ ម្យ៉ាងវិញទៀតកីឡាករដែលចូលរួមប្រកួតទាំងនោះភាគច្រើនតែងសម្រក់ពី៦៥ មក៦៣.៥ ហើយបើឲ្យរូបគេតំលើងពី៦០ទៅ៦៣.៥នោះគឺចាញ់ប្រៀបគេឆ្ងាយណាស់ ។
សូមបញ្ជាក់ថា បើមិនប្រែប្រួលនោះទេ បេក្ខភាពដែលចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ហ្សូរ៉ាស់ មានដូចជា៖ គុនខ្មែរ៤រូប ឌុម កែវដា, ផាន់ គ្រាន់, ពុយ វណ្ណៈ និង ឡុង សំណាង ចំណែកឯភាគីថៃដូចគ្នា បើមិនប្រែប្រួលនោះទេ មានដូចជា៖ ភិតដាំ, ចេកងួន, ភិត សាយឈុន និង ភិតសាយហ្វា ហើយការប្រកួតនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី៦ ខែមករា ២០១៩ ខាងមុខនេះ៕