ហ៊ុន ចាន់រាជ ដឹកនាំ សុខ រិទ្ធ និង ឯម សុធី ចេញប្រកួតក្រៅប្រទេស
អ្នកប្រដាល់គុនខ្មែរ សុខ រិទ្ធ និង ឯម សុធី ត្រូវបានលោក ហ៊ុន ចាន់រាជ ដឹកនាំចេញទៅប្រកួតនៅប្រទេស ភូមា ជាលើកដំបូងទាំងពីរនាក់នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះ ក្នុងកម្មវិធី WLC – world lethwei championship ។
ប្រធានប្រតិភូដឹកនាំគុនខ្មែរប្រកួតក្រៅប្រទេសរូបនេះបានប្រាប់ MSR SPORT ថា លោកពេញចិត្តចំពោះទម្រង់នៃការប្រកួតរបស់កីឡាករទាំងពីរនាក់នេះ ដោយក្នុងនោះ សុខ រិទ្ធ ប្រកួតលើទម្ងន់ ៥២.៥ ដោយត្រូវជួបកីឡាករម្ចាស់ផ្ទះ ចំណែក ឯម សុធី ក៍ត្រូវប៉ះម្ចាស់ផ្ទះ ផងដែរ ដោយប្រកួតលើទម្ងន់ ៦០ គីឡូក្រាម ។
នេះជាលើកទី១ហើយដែល ឯម សុធី ចេញប្រកួតក្រៅប្រទេស ខណៈរូបគេទើបបញ្ចប់ការប្រកួតខ្សែក្រវាត់គូបូតារដូវកាលទី១១ មិនបានជោគជ័យដោយ មិនឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ចំណែកកូនសិស្សរបស់លោក សាន សៅយ៉ាន់ ក៏ជាលើកទី១ដែរក្នុងការប្រកួតនៅទឹកដីប្រទេស ភូមា ប៉ុន្តែរូបគេមានបទពិសោធច្រើនក្នុងការប្រកួតនៅក្រៅប្រទេសដូចជាថៃ ជាដើម ៕