បន្ទាប់ពីបានឈ្នះខ្សែក្រវ៉ាត់ពិភពលោកផ្នែកនារី ធន់ វីរៈពណ៌ ត្រូវបានគេអញ្ជើញចូលរួមសម្តែងភាពយន្តខ្នាតធំគឺរឿង « មិត្តក្របី »
បន្ទាប់ពីកីឡាការិនីគុនខ្មែរ ធន់ វីរៈពណ៌ បានក្លាយជាកីឡាការិនីទីពីររបស់កម្ពុជាដែលឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោក ក្រោយពីបានយកឈ្នះកីឡាការិនី Ranini ជនជាតិ Mauritius ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោកកាលពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៩ នេះក្នុងពិធីបុណ្យសមុត្រ ដែលធ្វើឡើងនៅទឹកដីខេត្តកំពត ។ គួររំលឹកថា កីឡាការិនីគុនខ្មែរដំបូងដែលឈ្នះខ្សែក្រវាត់នេះគឺ នៅ ស្រីពៅ ដែលបានឈ្នះកិឡាការិនី Ranini ម្នាក់នេះដូចគ្នាកាលពីឆ្នាំ ២០១៨ ក្នុងការប្រកួតថ្ងៃសម្ភោធវិមានឈ្នះៗ ។
ក្រៅអំពីអាជីពជាកីឡាការិនីគុនខ្មែរ និង ជាម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកផ្នែកនារី ថ្មីៗនេះ ធន់ វីរៈពណ៌ ក៏មានមុខចូលរួមសម្តែងខ្សែរភាពយន្តខ្មែរខ្នាតធំដែលពុំធ្លាប់មានពីមុនមក ដែលខ្សែរភាពយន្តមួយនេះគឺទាក់ទងទៅនិងក្បាច់គុនល្បុក្កតោនិងលើកយកមកបង្ហាញនៅក្នុងរឿងមួយដែលមានចំណងជើងថា « មិត្តក្របី » របស់ផលិតកម្ម អាថាន់ភាពយន្ត ជាខ្សែរភាពយន្តមួយដែលឆ្លុះបញ្ចាំងពីមរតកក្បាច់គុនបុរាណខ្មែរល្បុក្កតោ ដែលចូលរូមសម្តែងសុទ្ធតែអ្នកចេះក្បាច់គុន។ ហើយកញ្ញា អថ័ន សេនាវីរៈពណ៌ (ធន់ វីរៈពណ៌ ) ក៏ត្រូវបានចូលរូមសម្តែងផងដែល ចំណែកឯពីធីក្រុងពាលីរឿង « មិត្តក្របី » គឺនឹងត្រូវធ្វើឡើងវេលាម៉ោង7:00amដល់9:00amព្រឹកទីតាំងនៅក្នុងបរិវេនវត្តថាន់ នៅថ្ងៃទី27.12.2019ខាងមុខនេះ ។
សូមបញ្ជាក់ថា ធន់ វិរៈពណ៌ គឺជាក្មួយស្រីរបស់កីឡាករប្រដាល់គុនខ្មែរ មឿន សុភា ដែលរូបនាងកំពុងហ្វឹកហាត់នៅក្លិបក្រសួងការពារជាតិ និង ហ្វឹកហាត់គុនល្បុក្តតោនៅវត្តថាន់ បើនិយាយអំពីបទពិសោធន៍ប្រកួតគុនខ្មែរវិញ រូបនាងទើបឡើងប្រកួតលើសង្វៀន៤ដងតែប៉ុណ្ណោះ ក្នុងនោះឈ្នះ ៤ និងម្តង ។