ក្លិបហូឡង់ មិនអនុញ្ញាតអោយ Doan Van Hau មកជួយក្រុមជម្រើសជាតិនៅ AFC U23 Championship
ក្លិប SC Heerenveen របស់លីហ្គកំពូលប្រទេសហូឡង់ បានបដិសេធមិនអោយខ្សែការពារសញ្ជាតិវៀតណាម Doan Van Hau មកជួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំវៀតណាមសម្រាប់ការប្រកួតពានរង្វាន់ AFC U23 Championship ដែលនឹងចាប់ផ្តើមពីថ្ងៃទី ៨ ដល់ ២៦ ខែ មករា ឆ្នាំ ២០២០ ដែលរៀបចំឡើងនៅប្រទេសថៃ ។
ខ្សែការពារដ៏រឹងមាំដែលជួយអោយក្រុមជម្រើសជាតិ U-22 វៀតណាមឈ្នះមេដាយមាសស៊ីហ្គេមជាលើកដំបូងនាប្រទេសហ្វីលីពីនកាលពេលថ្មីនេះៗដោយរកបានពីរគ្រាប់ផងដែរនោះ ត្រូវបានក្លិប SC Heerenveen មិនអនុញ្ញាតអោយមកជួយក្រុមជម្រើសជាតិ ទៀតនោះទេ ខណៈសហព័ន្ធបាល់ទាត់វៀតណាម រួមទាំងគ្រូបង្វឹក Park Hang-seo បានសម្តែងការគោរពចំពោះការសម្រេចចិត្តក្លិបរបស់ហូឡង់នេះផងដែរ ។
Doan Van Hau ត្រូវបានក្លិប SC Heerenveen ខ្ចីជើងពីក្លិប Hanoi FC នៃលីហ្គកំពូលរបស់ប្រទេសវៀតណាម កាលពីខែ កញ្ញា ឆ្នាំ ២០១៩ កន្លងទៅ ។ ព្រឹត្តិការណ៍ AFC U23 Championship ក្រុមជម្រើសជាតិវៀតណាម ស្ថិតនៅពូល D ជាមួយក្រុម កូរ៉េខាងជើង , ហ្ស៊កដានី និង អារ៉ាប់រួម ៕