Mauricio Pochettino ប្រលយពាក្យត្រឡប់មកកាន់ទីលានវិញ ស្របពេលដែល Man UTD និង Arsenal កំពុងមានបញ្ហា
គ្រូបង្វឹក Mauricio Pochettino ត្រូវបាន Tottenham Hotspur បញ្ចប់តំណែងកាលពីខែវិច្ឆិកា ក្រោយពីដឹកនាំក្រុមទទួលលទ្ធផលមិនសូវបានល្អនៅរដូវកាលនេះ ខណៈលោក Jose Mourinho គឺជាអ្នកមកជំនួសតំណែង។
ដោយឡែកកាលពីពេលថ្មីៗនេះ បុរសជនជាតិអាហ្សង់ទីនបាននិយាយប្រាប់ Fox Sport ថា៖ ឥឡូវនេះមានក្លឹបជាច្រើនបានទាក់ទង និងបានបង្ហាញពីគម្រោងជាច្រើនមកកាន់រូបខ្លួន ប៉ុន្តែនៅពេលនេះខ្លួនចង់លម្ហែខួរក្បាលនៅស្រុកកំណើតជាមួយគ្រួសារបន្តិចសិនក្រោយពេលចែកផ្លូវជាមួយ Spurs។ សម្រាប់គម្រោងនៅអនាគតគឺលោកចង់បន្តការងារនៅអឺរ៉ុបជាបន្តទៀត ហើយការត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League គឺជាបំណងរបស់ខ្លួនតែម្តង។
បុរសវ័យ៤៧ឆ្នាំបច្ចុប្បន្ននេះគឺជា អ្នកចាត់ការដែលមានភាគរយខ្ពស់បំផុតក្នុងការមកដឹកនាំនៅក្រុមកាំភ្លើងធំ Arsenal ដែលទើបតែបញ្ចប់តំណែងគ្រូបង្វឹក Unai Emery ហើយ Freddie Ljunberg កំពុងដឹកនាំបណ្តោះអាសន្ន ខណៈតំណែងនៅ Manchester United ក៏អាចជាកន្លែងរបស់ខ្លួនផងដែរ ស្របពេលដែល Ole Gunnar Solkjaer កំពុងតែដឹកនាំក្រុមទទួលលទ្ធផលមិនបានល្អដូចគ្នា។
យ៉ាងណាក្តីបើសិនជា Mauricio Pochettino ពិតជាត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញហើយនៅរដូវកាលនេះមែន នោះលោក Pochettiono ត្រូវបង់ប្រាក់សំណងលើការបញ្ចប់តំណែងទៅកាន់ Spurs វិញចំនួន១២.៥លានផោន។