Arsenal បង្ខំចិត្តខ្ចីលុយធនាគារអង់គ្លេស១២០លានផោនដោយសារកូវីដ១៩
ដោយសារឥទ្ធិពលពីជំងឺកូវីដ១៩ Arsenal បានបង្ខំចិត្តខ្ចីប្រាក់ពីធនាគារអង់គ្លេសរយៈពេលខ្លី។
កម្ចីនេះមានចំនួន១២០លានផោន និងត្រូវសងវិញក្នុងខែឧសភាដែលជាពេលចប់រដូវកាល២០២០/២០២១។ វានឹងជួយ Arsenal បន្ធូរការលំបាកមួយចំនួនពេលកីឡដ្ឋានមិនទាន់អាចទទួលអ្នកទស្សនាដោយផ្ទាល់បាន។
“ការរីករាលដាលជំងឺកូវីដ១៩បានធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុក្លិប។ ប៉ុន្តែយើងក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីខ្ចីប្រាក់ពីធនាគារអង់គ្លេស។ ដូច្នេះក្លិបបានដាក់ស្នើខ្ចី១២០លានផោន។” នេះជាការបញ្ជាក់ពីអ្នកតំណាង Arsenal។
ការខ្ចីប្រាក់ គឺជាវិធីមួយដែលស្ថាប័នជាច្រើនបានជ្រើសរើសដើម្បីសម្រាលវិបត្តិអំឡុងកូវីដ១៩។ សូម្បីតែ Tottenham Hotspur ក៏បានខ្ចី១៧៥លានផោនពីធនាគារអង់គ្លេសដែរ។
Sky Sports បានរាយការណ៍ថា កាលខែសីហា ឆ្នាំ២០២០ Arsenal បានកាត់បន្ថយការងារ៥៥កន្លែងដោយសារវិបត្តិហិរញ្ញវត្ថុ។ កីឡាករក៏មូលមតិកាត់ប្រាក់ខែ១២ភាគរយដែរ៕