ប៊ុន សុធា ប្រើពេលមិនដល់១ទឹកឡើងជួប បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់
គុនខ្មែរវ័យក្មេង ប៊ុន សុធា បានផ្តួលអ្នកប្រដាល់ជើងចាស់ លាភ សំណាង ក្នុងទឹកទី១ ដើម្បីក្លាយជាម្ចាស់ជើងឯកក្រុមទី២ កម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ នៅព្រឹកថ្ងៃ សៅរ៍ ទី ០៩ ខែ មករា ឆ្នាំ ២០២១ នេះនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ។
ការប្រើកែងបុកយ៉ាងច្រើនទៅលើរៀមច្បងធ្វើអោយអាជ្ញាកណ្តាលរាប់ម្តង ហើយ សំណាង បានព្យាយាមបន្តការប្រកួតដែរ ប៉ុន្តែនៅតែមិនអាចរួចផុតពីទឹកទី១ បាន បន្ទាប់ សុធា សម្រុកផ្តាច់ដើម្បីអោយ សំណាង សម្រេចបោះបង់ការប្រកួតទាំងស្នាមរបួសតែម្តង ។ ឆ្លងកាត់ ៣ ប្រកួតកន្លងមកកូនសិស្សរបស់លោក ធន់ សុភា ផ្តួលគូប្រកួតទាំងអស់ក្នុងនោះផ្តួល ប៉ុក វិបុល ក្នុងវគ្គជម្រុះ ផ្តួល អេ ណារ័ត្ន ទឹកទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចុងក្រោយផ្តួល លាភ សំណាង នេះតែម្តង ។
ប៊ុន សុធា នឹងត្រូវជួប បឺត សង្ឃឹម ដែលជាម្ចាស់ជើងឯកក្រុមទី១ ដើម្បីដណ្តើមខ្សែក្រវាត់រួមទាំងប្រាក់រង្វាន់រហូតដល់ ៦០០០ ដុល្លារ នាថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ នាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវម៉ោង ៨ ព្រឹក ៕