កីឡាករវ័យក្មេង Aston ម្នាក់ថាអ្នកផ្ទះខ្លួនសប្បាយខ្លាំងពេលទាត់ចូល Liverpool
ខ្សែប្រយុទ្ធវ័យក្មេង Louie Barry បានទាត់បញ្ចូលទីមួយគ្រាប់សម្រាប់ Aston Villa ក្នុងការប្រកួតចាញ់ Liverpool ១ទល់នឹង៤ ពានរង្វាន់ FA Cup ជុំទី៣ ថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។
គ្រាប់បាល់របស់យុវជនវ័យ១៧ឆ្នាំកើតឡើងក្នុងនាទី៤១ ក្រោយទទួលបាល់ពីមិត្តរួមក្រុម Callum Rowe ហើយអូសផុតខ្សែការពារ ទាត់បញ្ចូលទីយ៉ាងល្អ និងជាគ្រាប់តាមស្មើបន្ទាប់ ពី Sadio Mane តែតបើកឆាកតាំងពីនាទីទី៤។ យ៉ាងណា ក្នុងវគ្គទី២ ក្រុមហង្សក្រហមបានវាយយក៣គ្រាប់បន្ថែម។
ក្រោយការប្រកួតនេះ Louie Barry ដែលជាកីឡាករមកពី U23 Aston Villa បានបង្ហាញអារម្មណ៍រីករាយខ្លះដែរ ទោះចាញ់ការប្រកួតក៏ដោយ។ គេថា ឪពុកម្ដាយបងប្អូនរបស់គេសប្បាយចិត្ត និងស្រែកហ៊ោពេញផ្ទះពេលបានទាត់ចូល Liverpool។
Barry បានចូលហាត់បាល់ដំបូងនៅថ្នាល West Brom ពីឆ្នាំ២០០៩ដល់២០១៩ ហើយផ្លាស់ទៅ Barcelona Academy ខែកក្កដា ឆ្នាំ២០១៩ លើកិច្ចសន្យា៣ឆ្នាំ។ នៅអេស្ប៉ាញបានប៉ុន្មានខែប៉ុណ្ណោះ គេក៏ផ្លាស់ទៅ Aston Villa ខែកុម្ភៈ ឆ្នាំ២០២០លើទំហំទឹកប្រាក់៨៨០,០០០ផោន។ កីឡាករវ័យក្មេងរូបនេះធ្លាប់ជាប់ជម្រើសជាតិអង់គ្លេស U15, សាធារណរដ្ឋអៀរឡង់ U15, U16 និងអង់គ្លេស U16។ បច្ចុប្បន្នគេលេងឲ្យអង់គ្លេស U17។
តាមពិតទៅ Aston Villa បានដាក់កីឡាករភាគច្រើនមកពីឈុតអាយុក្រោម២៣ឆ្នាំ ដោយសារក្រុមធំមានកីឡាករ និងក្រុមការងារមួយចំនួនឆ្លងកូវីដ១៩រហូតឈានដល់បិទទីតាំងហ្វឹកហាត់ថែមទៀត។ សូម្បីតែអ្នកចាត់ការ Dean Smith ក៏មិនអាចចូលរួមដឹកនាំការប្រកួតយប់មិញបានដែរ តម្រូវឲ្យលោក Mark Delaney ដែលជាគ្រូធំ U23 មើលការខុសត្រូវជំនួសវិញ៕