លោក ជា រិទ្ធ ត្រៀមចាប់ដៃគូជាមួយ ជនជាតិស្កុតឡែន ដើម្បីបន្ថែមកំលាំងនាំយកគុនខ្មែរចេញប្រកួតក្រៅប្រទេស
ចាប់តាំងពីលោកគ្រូ ជា រិទ្ធ បានលាលែងចេញពីមន្រ្តីចៅក្រមអាជ្ញាកណ្តាល ហើយទៅកាន់មុខតំណែងថ្មីក្នុងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយធ្វើជាប្រធានផ្នែកខាងទំនាក់ទំនងអន្តរជាតិដើម្បីនាំគុនខ្មែរចេញទៅប្រកួតនៅក្រៅប្រទេស ក៏ដូចជាគ្រូបង្វឹកក្នុងសាលាគុនគុហាព្រហ្មជ័យនៃក្រសួងការពារជាតិ បាននិយាយប្រាប់ MSR SPORT ថា៖ លោកត្រៀមចាប់ដៃគូជាមួយនិងលោក Alan Mccune ជាជនជាតិស្តុកឡែនរស់នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រកបអាជីវកម្មក្នុងស្រុកខ្មែរជាក្រុមហ៊ុនកងការពារឯកជនមួយ។ សូមរំលឹកបន្តិចថា Alan គឺជាអតីតគ្រូបង្វឹកផ្នែក MMA របស់ស្ថានីយ៍ទូរទស្សន៍ MYTV កំឡុងពេលដែលបានរៀបចំកម្មវិធី KWC កាលពីជាង៥ទៅ៦ឆ្នាំមុន។ ហើយបច្ចុប្បន្ននេះ Alan ក៏មានទំនាក់ទំនងច្រើននៅឯក្រៅស្រុក ហើយក៏ធ្លាប់នាំយកគុនខ្មែរទៅចូលរួមប្រកួតក្នុងកម្មវិធី ONE Champions ផងដែរ បូករួមទាំងឧបគ្គនិស្ស័យទៀតនោះ Alan ដែលមានប្រពន្ធជាជនជាតិខ្មែរ បានយល់ព្រមជាមួយលោក ជា រិទ្ធ ដើម្បីសហការគ្នានាំយកគុនខ្មែរទៅប្រកួតនៅក្រៅប្រទេសឲ្យបានច្រើន។
លោកគ្រូ ជា រិទ្ធ ក៏បានបញ្ជាក់បន្ថែមទៀតថា លោកកំពុងតែរៀបចំឯកសារដើម្បីបញ្ជូនទៅ ឯ.ឧ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីសហការជាមួយ ALAN MCCUNE ក្នុងនាមជាអ្នកតំណាងឲ្យបរទេសសហការជាមួយគុនខ្មែរក្នុងស្រុក ហើយជ្រើសរើសយកគុនខ្មែរទៅប្រកួតនៅកម្មវិធីល្បីរបស់ពិភពលោក ក៏ដើម្បីផ្សព្វផ្សាយពីគុនខ្មែរអោយបានកាន់តែទូលំទូលាយលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថាលោកគ្រូ ជា រិទ្ធ ទើបតែត្រូវបានប្រធានសហព័ន្ធគុនខ្មែរបានតែងតាំងលោកជាជំនួយការនិងអោយលោកធ្វើជាប្រធានផ្នែកទំនាក់ទំនងអន្តរជាតិរួមជាមួយក្រុមការងារផ្សេងៗទៀត ក្នុងគោលដំណង នាំកីឡាករគុនខ្មែរទៅប្រកួតក្រៅប្រទេសអោយបានច្រើន ហើយថ្មីៗនេះលោកក៏បាននាំគុនខ្មែរមួយចំនួនចេញទៅប្រកួតក្នុងកម្មវិធី ONE និងការប្រកួតក្នុងទឹកដីនៃប្រទេសថៃ ក្រៅពីនេះលោកក៏ជាសាស្ត្រាចារ្យផ្នែកភាសាអង់គ្លេស១រូបក្នុងប្រទេសកម្ពុជាផងដែរ៕