កាំភ្លើងធំអាចនឹងបាត់ឱកាសទាក់ទងលោក Carlo Ancelotti មកធ្វើជាអ្នកដឹកនាំរបស់ក្លិបដោយសារតែ Everton ចូលទៅចរចារបានមុន
(BC-99)
ក្រុម EVERTON បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រជែងជាមួយនិងក្រុមរួមក្របខណ្ឌកាំភ្លើងធំ Arsenal លើការចរចារយកលោក Carlo Ancelotti មកធ្វើជាអ្នកដឹកនាំក្រោយពីបុរសរូបនេះត្រូវបានបណ្តេញចេញពីក្លិប Napoli និងស្របពេលដែលក្លិបទាំងពីរនៅអង់គ្លេសពុំទាន់មានអ្នកដឹកនាំជាផ្លូវការណ៍ដូចគ្នា។
បើទោះជាលោក Ancelotti បានជួយអោយក្រុម Napoli បានឡើងទៅកាន់វគ្គ knock out នៃក្របខណ្ឌ UEFA Champions League ក៏ដោយក៏គណកម្មការក្លិបបានសម្រេចបណ្តេញលោកចេញពីមុខតំណែងកាលពីថ្ងៃអង្គារនេះដោយយោលទៅលើភាពបរាជ័យ៩ប្រកួតជាប់គ្នានាពេលន្លងមក។
ទំនេរមិនទាន់បានមួយថ្ងៃស្រួលបួលផង លោក Ancelotti ត្រូវបានអ្នកតំណាងរបស់ក្លិប Everton មកចូលជួបនិងធ្វើការគួរសមក្នុងន័យអូសទាញរូបលោកអោយទៅជួយដឹកនាំក្លិបមួយនេះក្រោយពីពួកគេបានបណ្តេញលោក Silva ចេញពីមុខតំណែងដែរ។ ចេតនាយ៉ាងដូច្នេះរបស់ Everton ត្រូវបានគេមើលឃើញថាវាជាការបង្ករអោយមានក្តីព្រួយបារម្ភបន្ថែមទៀតសម្រាប់ Arsenal ដែលកំពុងតែទន្ទឹងរង់ចាំអ្នកមានសមត្ថភាពណាម្នាក់មកធ្វើជាអ្នកដឹកនាំថ្មីជំនួសកៅអីដែលកំពុងតែកាន់កាប់ជាបណ្តោះអាសន្នដោយលោក Freddie Ljungberg។
ថ្វីត្បិតតែមិនទាន់មានចម្លើយផ្លូវការណ៍ណាមួយចេញពីមាត់លោក Ancelotti ក៏ពិតមែន តែភាពយឺតយ៉ាវរបស់ Arsenal ក្នុងការចូលទៅចរចារជាមួយបុរសវ័យ៦០ឆ្នាំរូបនេះអាចនឹងធ្វើអោយក្រុម កាំភ្លើងធំ នៅតែបន្តរង់ចាំអ្នកណាផ្សេងទៀតមកធ្វើជាអ្នកដឹកនាំ។ ទន្ទឹមនេះដែរគេឃើញក្រុម Everton ហាក់មានសង្ឃឹមខ្ពស់ក្នុងការថ្ពក់យកអតីតគ្រូបង្វឹកនិងជាអ្នកចាត់ការទូទៅរបស់ក្លិប Juventus, Chelsea, PSG, Real Madrid, Bayern Munich ជាខ្លាំង។