Ed Woodward និយាយថា Manchester United នឹងលក់កីឡាករ២នាក់ចេញនៅខែមករានេះ
(BC-99)
យោងតាមរបាយការណ៍បានអោយដឹងថាលោក Ed Woodward បានបញ្ជាក់ប្រាប់ក្រុមបិសាចក្រហម Manchester United ថានឹងលក់កីឡាករ Nemanja Matic និង Marcos Rojo ចេញក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ។
ទាំង Matic និង Rojo បានបាត់បង់ការចូលរួមជាជម្រើស១១នាក់ដំបូងនៅ Old Trafford ដោយពួកគេបានបង្ហាញខ្លួននៅ Premier League បានចំនួន ៦ លើកប៉ុណ្ណោះនៅរដូវកាលនេះ។ យោងតាមសារព័ត៌មាន Daily Star បានអោយដឹងថាលោក Ole Gunnar Solskjaer បាននាំពាក្យអស់ទាំងនេះប្រាប់សមីកីឡាករផ្ទាល់ថាពួកគេមិនមានអនាគតវែងឆ្ងាយនៅជាមួយក្លឹបនេះទេដោយលោក Woodward ត្រៀមខ្លួនជម្រុះពួកគេចេញនៅខែក្រោយ។
អតីតអ្នកចាត់ការទូទៅរបស់បិសាចក្រហមលោក Jose Mourinho បានទិញអតីតខ្សែបម្រើក្រុមតោខៀវ Chelsea Matic មកកាន់ក្រុម Manchester United កាលពី ២ ឆ្នាំមុនហើយរូបគេពិតជាបានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅឯ Theatre of the Dreams ។ ប៉ុន្តែនៅពេលក្រោយមកទៀតកីឡាករដែលមានវ័យ ៣១ ឆ្នាំរូបនេះក៏បានក្លាយជាកីឡាករដែលលើសតម្រូវការក្រោយពីមានវត្តមានរបស់កីឡាករវ័យក្មេង Scott McTominay និងFred នៅក្រោមការគ្រប់គ្រងរបស់ Ole Gunnar Solskjaer ។
រីឯខ្សែការពារសញ្ជាតិអាហ្សង់ទីន Marcos Rojo ដែល Manchester United បានចុះហត្ថលេខាក្នុងតម្លៃ ១៦ លានផោនក្នុងឆ្នាំ ២០១៤ វិញក៏បានបង្ហាញពីការខកបំណងរបស់ខ្លួនក្រោមការដឹកនាំរបស់ Solskjaer ដែរដែលគេមិនបានចូលរួមប្រកួតទាល់តែសោះក្នុងរយៈពេលមួយខែចុងក្រោយនេះ គោលដៅបន្ទាប់របស់គេគឺជាការចូលរួមលេងអោយក្របខណ្ឌកំពូលរបស់ប្រទេសផ្សេងទៀតដែលមិនមែនជាអង់គ្លេស។
ស្របទៅនិងព័ត៌មានដែលចេញពីមាត់លោក Ed Woodward ដែលនឹងលក់កីឡាករទាំង២នាក់នេះចេញនៅខែមករានេះ ក៏មានព័ត៌មានផ្សេងទៀតស្តីអំពីការទិញបានកីឡាករថ្មី២រូបចូលមកជំនួសវិញផងដែរ ក៏ប៉ុន្តែពុំទាន់មានការបង្ហើបអោយដឹងអំពីសមាសភាពថាជាកីឡាកររូបណានុះឡើយ។