
Cesc Fabregas លាក្រុមតោខៀវ Chelsea ទាំងទឹកភ្នែកទៅប្រកបអាជីពថ្មីនាដែនដីបារាំង
អតីតកីឡាករជួយអោយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់ពិភពលោក ២០១០ ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប២សម័យ ២០០៨ និង ២០១២ Cesc Fabregas បានធ្វើអោយប្រិយ៍មិត្តក្រុមតោខៀវ Chelsea ក៏ដូចជាប្រិយ៍មិត្តដែលគាំទ្ររូបគេផ្សេងទៀតមានការរញ្ជួយចិត្តអាណិតរូបគេដោយបានឃើញកីឡាកររូបនេះបានសម្រក់ទឹកភ្នែកដើរចេញពីការប្រកួត។
កាលពីម្សិលម៉ិញនេះនៅឯទីលាន Stamford Bridge ក្រុម Chelsea ដែលដឹកនាំដោយលោក Sarri បានបើកការប្រកួតរកឈ្នះ ក្រុម Nottingham Forrest ដោយលទ្ធផល ២-០ និងបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយជាបន្តក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ FA Cup ជាបន្តទៀត។ Fabregas ត្រូវបានផ្តល់ឱកាសនូវការទាត់បាល់ពិន័យ១១ម៉ែត្រនានាទីទី៣០តែបែរជាធ្វើអោយខកខានឱកាសមាសនេះទៅវិញ។
នៅនាទីទី៨៦កីឡាករជាតិអេស្ប៉ាញរូបនេះត្រូវបានផ្លាស់ប្តូរចេញដោយកីឡាករបារាំង Kante។ នៅពេលនោះគេឃើញ Fabregas បានសម្រក់បទឹកភ្នែករបស់ខ្លួននិងលើកដៃលាប្រិយ៍មិត្តទាំងអាឡោះអាល័យ។
ព័ត៌មានជាក់លាក់មួយបានលាតត្រដាងថាកីឡាករវ័យ៣១ឆ្នាំរូបនេះនិងត្រូវទៅចូលរួមលេងអោយក្លិបនៅប្រទេសបារាំង Monaco ដែលនៅទីនោះគេនិងបានរួមការងារជាថ្មីជាមួយនិង Thierry Henry ដែលជាអតីតកីឡាករ Arsenal ដូចគ្នា។ គួរបញ្ជាក់ថា Cesc Fabregas បានបង្ហាញខ្លួននៅក្របខណ័្ឌ Premier League ចំនួន ៥០១ប្រកួត ដោយបានស៊ុតបញ្ចូលទីបានចំនួន ៨១គ្រាប់និងបានបញ្ជូនបាល់អោយអ្នកស៊ុតបញ្ចូលទីបានចំនួន ១៤៩ ដងហើយក៏បានជួយក្លិបរបស់ខ្លួនឈ្នះពានរង្វន់ Premier League២ដង(Chelsea) FA Cup ២ដង(Arsenal, Chelsea) League Cup(Chelsea) ម្តងនិងពាន Community Shield ម្តង(Arsenal) ផងដែរ។