ស៊ុន រិគគី ដាច់ចិត្តដើរចេញពីសាលាគុនខ្លារខិនក្នុងនាមជាគ្រូប្រដាល់ដោយមិនអាឡោះអាល័យ!
លោក ស៊ុន រិគគី ដែលមានអាជីពជាអ្នកចម្រៀង ពិធីករ DJ និងជាគ្រូបង្វឹកប្រដាល់គុនខ្មែរនៅសាលាគុនខ្លារខិនមានឫទ្ធដែលគ្រប់គ្រងដោយអ្នកស្រី ឡុង រ៉ាវី បានធ្វើការប្រកាសតាមរយៈការផ្សាយផ្ទាល់ជាវីឌីអូនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីព្រឹកម៉ិញនាថ្ងៃអាទិត្រទី១៩សីហានេះថា ពីអំណិះតទៅលោកលែងជាគ្រូបង្វឹកសប្បុរសធម៌របស់សាលាគុនខាងលើទៀតហើយ។
គ្រូបង្វឹកសប្បុរសធម៌គឺចង់មានន័យថាលោកយល់ព្រមបង្ហាត់សិស្សគុនខ្មែរនៅក្នុងសាលាមួយនេះដោយពុំគិតប្រាក់កាសឡើយតែលោករីករាយនិងធ្វើវាដោយការពេញចិត្តសប្បាយចិត្តនិងមានតែអស់លុយពីហោប៉ៅទៅវិញផង ជាពិសេសគឺលោកចង់បណ្តុះកីឡាករគុនខ្មែរជំនាន់ក្រោយបន្ថែមទៀត នេះបើតាមការលើកឡើងរបស់លោកនៅក្នុងការផ្សាយផ្ទាល់វិឌីអូរនៅលើបណ្តាញសង្គមដ៏ពេញនិយមមួយនេះ។
លោកបានបន្ថែមទៀតថាលោកបានចំណាយពេលដល់ទៅជិត៦ឆ្នាំដើម្បីជួយបង្វឹកនិងផ្តល់ឱកាសអោយកីឡាករនិងចំណាយលុយផ្ទាល់ខ្លួនជាច្រើននៅក្នុងសាលាគុនខ្លារខិនមានឫទ្ធ តែអ្វីដែលលោកបានធ្វើត្រូវបានគេមើលងាយ ត្រូវបានគេមិនអោយតម្លៃ ដូច្នេះគាត់សូមប្រកាសថាគាត់លែងជាគ្រូបង្វឹករបស់សាលាគុននេះទៀតហើយ ព្រោះខ្លារខិនមានឫទ្ធពេលនេះជាសាលាគុនធំនិងល្អដែលពុំសាកសមនិងសមត្ថភាពដ៏ស្តួចស្តើងរបស់លោក។
គួរបញ្ជាក់ថាការសម្រេចចិត្តដើរចេញពីមុខងារដែលខ្លួនស្រឡាញ់ពេញចិត្តបែបនេះគឺបានកើតឡើងមួយថ្ងៃក្រោយពីកីឡាករគុនខ្មែរ ឡុង ជិន របស់សាលាគុនខ្លារខិនមានឫទ្ធឈ្នះខ្សែក្រវាត់ខារ៉ាបាវរបស់ស្ថារនីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៨សីហាកន្លងទៅនេះតែប៉ុណ្ណោះ។
នៅមិនទាន់មានការបញ្ជាក់អះអាងបន្ថែមពីអ្នកស្រី ឡុង រ៉ាវី ដែលជាម្ចាស់សាលាគុននៅឡើយទេដោយសារអ្នកស្រីខកខានទទួលការហៅចូលពី MSR។ យើងនិងធ្វើសេចក្តីលំអិតជាបន្តទៀតក្នុងខណៈដែលម្ចាស់សាលាគុនរូបនេះទទួលការហៅចូលរបស់ក្រុមការងារយើង។