មុនទៅប្រកួតនៅចិន ឡុង សុវណ្ណឌឿន នឹកដល់បណ្តាំលោកគ្រូ ម៉ា សេរី(មានវីដេអូនិយាយ)
ក្រោយពីទទួលបានភ្លើងខៀវពីប្រធានសមាគមប្រដាល់ក្រសួងមហាផ្ទៃ និង ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររួចមក ឡុង សុវណ្ណឌឿន មានអារម្មណ៌សប្បាយចិត្តព្រោះអាចសម្រេចក្តីបំណងជាលើកទី១ក្នុងនាមជាអ្នកប្រដាល់គុនខ្មែរ ដែលការប្រកួតនោះនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី១៣ ខែតុលា នៅប្រទេសចិន។
ក្នុងកំឡុងពេលធ្វើការហ្វឹកហាត់នៅក្លឹបប្រដាល់(Prodal Gym) ឡុង សុវណ្ណឌឿន បាននឹកដល់សំដីលោកគ្រូ ម៉ាសេរី ថា ប្រសិនបើ ឌឿន ទៅធ្វើការប្រកួតនៅក្រៅស្រុកក្នុងព្រឹត្តិការណ៌ធំៗទៅប្រកួតចោះ តែប្រសិនបើប្រកួតជាមួយខ្មែរគ្នាឯងទេ គួកុំប្រកួតអីល្អជាង សំដីនេះបានដកជាប់នៅក្នុងចិត្តរបស់ សុវណ្ណឌឿន ជានិច្ច។ កូនសិស្សរបស់លោក ឡុង សាលវ័ន្ត រូបនេះនិយាយបន្តទៀតថា ទោះបីជាគ្មាននរណាជូនពរនិងលើកទឹកចិត្តក៏ដោយ ក៏រូបគេមិនខូចចិត្តដែរ ព្រោះថាអស់រយះពេល៨ឆ្នាំហើយ ដែលរូបគេធ្លាប់ខូចចិត្តក្រោយពីបាត់បង់ខ្សែក្រវាត់ទៅឲ្យ កែវ រំចង់ នោះ។
សម្រាប់ការប្រកួតជាមួយកីឡាករលំដាប់កំពូលរបស់ប្រទេសថៃនាថ្ងៃទី១៣ ខែតុលា នៅប្រទេសចិត្តខាងមុខនេះ ឡុង សុវណ្ណឌឿន នឹងយកយុទ្ធសាស្រ្ត យុទ្ធគុន និង យុទ្ធសិល្ប៍ទៅប្រើប្រាស់ម្តងទៀតជាមួយកីឡាថៃម្នាក់នោះ តែអ្វីដែលចាប់អារម្មណ៌ជាងគេគឺ យុទ្ធសិល្ប៍តែម្តង។ ឌឿន បាននិយាយបន្តថា ក្នុងមួយឆាកជីវិតរបស់គេគឺធ្លាប់ប្រើយុទ្ធសិល្ប៍តែម្តងគត់ គឺពេលប្រកួតដណ្តើមខ្សែក្រវាត់ក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយ កែវ រំចង់ ហើយសម្រាប់ការប្រកួតជាមួយកីឡាករថៃនាថ្ងៃខាងមុខនេះ រូបគេនឹងយកយុទ្ធសិល្ប៍ពីអ្នកមានបុណ្យម្នាក់ដែលតែងតែជួយ ឌឿន យកមកប្រើជាលើកទី២ ។ ចំពោះតម្លៃខ្លួនដែលទៅប្រកួតនៅប្រទេសចិន ឡុង សុវណ្ណឌឿន ក៏នៅមិនទាន់ច្បាស់ប្រាកដនោះដែរ តែបើស្មានគឺលើខ្ទង់ពាន់ដុល្លារ។
សូមបញ្ជាក់ថា ឡុង សុវណ្ណឌឿន តាមគម្រោង នឹងត្រូវជួបអ្នកប្រដាល់ល្បីលំដាប់លេខ១ថៃ Yodwicha ក្នុងកម្មវិធីប្រដាល់សេរី Topking World Series នៅប្រទេសចិន នាថ្ងៃទី១៣ ខែតុលា ខាងមុខនេះ៕
មានវីដេអូនិយាយនៅខាងក្រោម៖