
ផល សោភ័ណ្ឌ អាចប៉ះជើងខ្លាំងថៃម្នាក់ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់តាមខេត្ត
ក្នុងចំណោមកីឡាករថៃខ្លាំងៗចំនួនបីនាក់ដែលមាន ឌិនណាផូ , ហ្វុន លួង ប៉េឡេបុរីរ៉ាំ និង ម៉ៃសុទ្ធ ប៉េឡេបុរីរ៉ាំ នឹងមានម្នាក់អាចនឹងប៉ះអ្នកលេងកែងពិឃាដ ផល សោភ័ណ្ឌ នៅក្នុងកម្មវិធីអ្នកតស៊ូ គុនខ្មែរគោជល់នាខេត្តកំពស់ស្ពឺ នាចុងខែមិនា ឆ្នាំ២០១៩ នេះ ។
អ្នកប្រដាល់ថៃទាំងបីនាក់នេះសុទ្ធតែធ្លាប់មានបទពិសោធប្រកួតនៅស្រុកខ្មែរនាពេលកន្លងមក ហើយអ្នកគាំទ្រចាត់ទុកថាជាជើងខ្លាំងមួយរូប បន្ទាប់ពីពួកគេធ្លាប់ជួបកីឡាករគុនខ្មែរខ្លាំងជាច្រើន នាពេលកន្លងមកនោះ ។
ឌិនណាផូ ស.ថាន់យ៉ាឡាក់ រូបគេជាប់ជាជើងឯករងក្នុងកម្មវិធី ISI Palm រដូវកាលទីពីរក្រោយ ចាញ់ពិន្ទុ មឿន សុខហ៊ុច ប៉ុន្តែជំនួបមិត្តភាពគេបានផ្តួលអោយ មឿន សុខហ៊ុច សន្លប់វិញ ខណៈការប្រកួតនៅ ស្រុកកំណើតរបស់គេមួយរយៈនេះតែងតែធ្វើបានល្អ ។

ជា សំនៀង និង ឌិន ណាផូ
ម៉ៃសុទ្ធ ប៉េឡេបុរីរ៉ាំ ធ្លាប់មកស្រុកខ្មែរច្រើនលើកគួរសមហើយ ក្នុងនោះចាញ់តែម្តងប៉ុណ្ណោះគឺ ផល សោភ័ណ្ឌ នេះឯង ប៉ុន្តែកាលនោះគឺប្រកួតតែ៣ទឹកលក្ខណៈម៉ារ៉ាតុន យ៉ាងណាជើងខ្លាំងនៅក្លិប ស៊ីតប៊ុនមី ធ្លាប់ឈ្នះកីឡាករគុនខ្មែរខ្លាំងៗ ដូចជា ឈ្នះ ឃុន ឌីម៉ា ម្តងនិងស្មើពិន្ទុម្តង ហើយក៏ធ្លាប់ ឈ្នះ សួន ចាន់នី ពីរដង និងកីឡាករផ្សេងៗទៀត ។

ម៉ៃសុទ្ធ
មិនរួមក្លិបរបស់ ម៉ៃសុទ្ធ ម្នាក់ទៀតដែលអាចប៉ះ ផល សោភ័ណ្ឌ គឺ ហ្វុន លួង ជើងខ្លាំងដើម កំណើតខេត្តបុរីរម្យ រូបនេះមិនដែលចាញ់សោះឡើយក្នុងការមកប្រកួតនៅស្រុកខ្មែរក្នុងនោះគេ ធ្លាប់ឈ្នះកីឡាករលំដាប់ប្រទេសកម្ពុជាដូចជាឈ្នះ ផល សោភ័ណ្ឌ ពីរដង ឈ្នះ ឃុន ឌីម៉ា ចំនួនពីរដង និង មានកីឡាករគុនខ្មែរផ្សេងៗសុទ្ធតែបរាជ័យក្រោយថ្វីដៃរបស់គេ ។

ហ្វុន លួង
សូមបញ្ជាក់ថា កីឡាករទាំងបីនេះអាចនឹងមានម្នាក់ត្រូវប៉ះអ្នកប្រដាល់នៃក្លិបតាឡីដំរីមានរិទ្ធ បើមិន មានការប្រែប្រួលណាមួយទេ ៕