
ការប្រកួតគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍នឹងធ្វើឡើងដើមខែធ្នូ
ប្រកួតកីឡាគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នឹងត្រូវបានរៀបចំឡើងដោយសម្របសម្រួលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនអន្តរជាតិ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ឬហៅថា Pre-SEA Games នេះនឹងដំណើរការរយៈពេល៣ថ្ងៃពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ និងជាថ្ងៃបុណ្យសមុទ្រផងដែរ។ បើតាមគម្រោង អ្នកចូលរួមនឹងមានមកពី៧ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏មានមកពីជប៉ុន បារាំង ដែលមានអ្នកជំនាញការរៀបចំ។
ក្រៅពីគុនខ្មែរ ក៏នឹងមានការប្រកួតកីឡាចំបាប់ Pre-Season ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ ខែធ្នូ ហើយព្រឹត្តិការណ៍ទាំង២នេះនឹងធ្វើឡើងប្រកបដោយស្តង់ដារដូចដែលធ្វើធ្លាប់រៀបចំការ៉ាតេ pre-season កាលដើមឆ្នាំ២០២២។
ព្រឹត្តិការណ៍ទាំងនេះពិតជាសំខាន់ក្នុងការវាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម បានរៀនសូត្រ ដកស្រង់បទពិសោធ មុនស៊ីហ្គេម ២០២៣ ចូលមកដល់។
ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ាត់ ចំរើន អះអាងថា CAMSOC បានរៀបចំរួចរាល់ហើយក្នុងការធ្វើបដិសណ្ឋារកិច្ចសម្រាប់ភ្ញៀវអន្តរជាតិទាំងអស់ដែលនឹងចូលរួមការប្រកួត Pre-SEA Games នាពេលខាងមុខនេះ៕