មឿន សុខហ៊ុច ប្រាប់មូលហេតុទំលាក់មកប្រកួតទម្ងន់ ៦៣.៥
អ្នកប្រដាល់គុនខ្មែរ មឿន សុខហ៊ុច ដែលតែងតែប្រកួតលើប្រភេទទម្ងន់ ៦៥ គីឡូក្រាមបានប្រកាសទំលាក់មកប្រកួតលើទម្ងន់ ៦៣.៥ គីឡូក្រាមវិញ ដោយរូបគេបានបញ្ជាក់ពីមូលហេតុមួយចំនួនដែលសម្រេចមកប្រកួតប្រភេទទម្ងន់ស្រាល ជាងមុនចាប់ពីរូបគេចប់ខ្សែក្រវាត់គោជល់កម្មវិធីជើងឯកប៉ះគ្នាតទៅ ។
កូនសិស្សរបស់លោក ណន រិទ្ធ បានលើកហេតុផលថា ខ្ញុំទំលាក់មកប្រកួត៦៣.៥ វិញដោយសារ ខ្ញុំមិនពិបាកធ្វើគីឡូនោះទេ ព្រោះបើហាត់ពេញទម្ងន់របស់ខ្ញុំនៅក្រោម ៦៥ ដូចនេះបើប្រកួតមិត្តភាពយើងអាចថ្លឹងបាន ៦៤.៥ បានពោលគឺអាចលើស១គីឡូ ប៉ុន្តែការចូលរួមកម្មវិធីគោជល់ជើងឯកប៉ះគ្នានេះគឺត្រូវថ្លឹង ៦៣.៥ ត្រឹម ហើយខ្ញុំក៏អាចធ្វើបានដោយមិនពិបាកនោះដែរ ។ កីឡាករដើមកំណើតខេត្តកំពង់ចាម បន្ថែមថា ការប្រកួតទម្ងន់តូចជាងមុនអាចធ្វើអោយខ្ញុំមិនចាញ់ ប្រៀបដៃគូ ព្រោះពីមុនប្រកួត៦៥ភាគច្រើនប៉ះដៃគូធំៗ ជាពិសេសថៃដោយសារគេពូកែធ្វើគីឡូ ។ ការប្រកួតទម្ងន់ ៦៣.៥ សុខហ៊ុច រំពឹងថានឹងធ្វើបានល្អជាងមុនដើម្បីស្តាកិត្តិយសរបស់គេឡើងវិញ ហើយនឹងប្រឹងប្រែងហ្វឹកហាត់អោយបានល្អសម្រាប់ការប្រកួតផ្សេងៗ ។
សូមបញ្ចាក់ថា មឿន សុខហ៊ុច បានឡើងដល់វគ្គផ្តាច់ព្រ័ត្រកម្មវិធីជើងឯកប៉ះគ្នារួចរាល់ហើយដោយបានយកឈ្នះកីឡាករថៃ យ៉តតួនថង ខណៈរូបគេកំពុងរង់ចាំការប៉ះគ្នារវាងកីឡាករគុនខ្មែរ ឡុង សំណាង និងកីឡាករថៃ ណាត់តាផុន ដើម្បីប្រកួតគ្នាដណ្តើមខ្សែក្រវាត់និងរង្វាន់ជាលុយ៤ពាន់ដុល្លារ ៕