អេ ណារ័ត្ន និង វាន់ វឿន កំពុងឆ្ពោះទៅយកលុយ១ម៉ឺន៥ពាន់ដុល្លារក្នុងឆ្នាំនេះ
អ្នកប្រដាល់គុនខ្មែរវ័យក្មេងពីររូបរួមមាន អេ ណារ័ត្ន និង វាន់ វឿន កំពុងស្ថិតក្នុងឱកាសយកប្រាក់រង្វាន់១ម៉ឺន៥ពាន់ដុល្លារពីកម្មវិធីប្រដាល់ពីរស្ថានីយ៍ទូរទស្សន៍ផ្សេងគ្នាដែលពួកគេកំពុងបន្តដំណើរ ។
វាន់ វឿន កំពុងកាន់កម្មវិធីខ្សែក្រវាត់២ ក្នុងនោះមានជាបេក្ខភាពខ្សែគោជល់ ដែលរួបគេបានឆ្លងជុំទី១រួចរាល់ ពោលបានផ្តួលកីឡាករ ហេង សុភ័ក្រ្ត ទឹក២ក្នុងការប្រកួតជម្រុះនៅខេត្ត បាត់ដំបង កាលពីពាក់កណ្តាលខែ កុម្ភៈ ។ បើសិនរូបគេឈ្នះ៣ប្រកួតនោះនឹងក្លាយជាម្ចាស់ខ្សែក្រវាត់អមដោយប្រាក់រង្វាន់៥ពាន់ដុល្លារ ហើយវគ្គបន្តគេត្រូវប៉ះ ស៊ន រ៉ាគីម ។ អ្នកប្រដាល់នៃក្លិបឃ្លាំងមឿង ក៏កំពុងក្តាប់កម្មវិធីខ្សែក្រវាត់នៅសង្វៀន PNN ផងដែរ ដោយឆ្លងផុតកីឡាករថៃ នឹងត្រៀមជួបគុនខ្មែរ លាភ រដ្ឋា ដណ្តើមខ្សែក្រវាត់ប្រាក់ទៀតផង បើគេអាចបន្តរហូតដល់យកបានខ្សែក្រវាត់មាសនោះនឹងទទួលបាន ១ម៉ឺនដុល្លារ ។ ចំណែក អេ ណារ័ត្ន ក៏មិនខុសពី វាន់ វឿន ដែរ ដោយរូបគេកំពុងចូលរួមពីរកម្មវិធីនេះដូចគ្នា ។ កូនសិស្សរបស់ អេ ភូថង ទទួលបានខ្សែក្រវាត់ប្រាក់ រួចរាល់ហើយ បន្ទាប់ពីផ្តួល ពេជ្រ ម្ទេសខ្មាំង ខណ:ខ្សែក្រវាត់គោជល់ ណារ័ត្ន កំពុងត្រៀមប្រកួតជុំទី១ក្នុងខែ មេសា នេះដោយត្រូវ ប៉ះ ណង សាវ នៅ CNC ។ សរុបមកបើកីឡាករពីរនាក់នេះមាននរណាម្នាក់ឈ្នះជើងឯកទាំងពីរកម្មវិធីនេះ ពួកគេនឹងរកបាន ១ម៉ឺន ៥ ពាន់ដុល្លារ ដោយមិនទាន់បូក តម្លៃខ្លួន និងរង្វាន់ផ្សេងៗផង ៕