មកដឹងប្រវត្តិខ្លះៗរបស់អ្នកប្រដាល់គុនខ្មែរកូនភ្លោះ សយ សុខ ក្រោយប្រកួត១៥ដងជាប់ៗគ្នាមិនដែលចាញ់
អ្នកប្រដាល់គុនខ្មែរ សយ សុខ ដែលជាកូនភ្លោះជាមួយអ្នកប្រដាល់គុនខ្មែរ សយ សី កំពុងតែធ្វើឲ្យបងប្អូនដែលនិយមគាំទ្រទស្សនាការប្រកួតគុនខ្មែរចាប់អារម្មណ៍ខ្លាំងចំពោះទម្រង់ប្រកួតរបស់អ្នកប្រដាល់ដែលកំពុងហ្វឹកហាត់នៅក្លឹប វិបុលដារិទ្ធិខណ្ឌពោធិ៍សែនជ័យ នៃសមាគមអង្គភាពកីឡាប្រដាល់ក្រសួងមហាផ្ទៃ តាមរយៈការប្រកួតមិនដែលចាញ់ចំនួន១៥ដងជាប់ៗគ្នានៅលើសង្វៀនក្នុងរាជធានីភ្នំពេញ។
លោក ឡុង វិបុល ដែលជាគ្រូបង្ហាត់ក្នុងក្លឹប វិបុលដារិទ្ធិខណ្ឌពោធិ៍សែនជ័យ នៃសមាគមអង្គភាពកីឡាប្រដាល់ក្រសួងមហាផ្ទៃ បានប្រាប់ MSR SPORT ឲ្យដឹងថា៖ អ្នកប្រដាល់កូនភ្លោះរូបនេះចាប់ផ្តើមហ្វឹកហាត់គុនខ្មែរ និង ឡើងសង្វៀនប្រកួតចាប់តាំងតែពីរូបគេរៀងថ្នាក់ទី១០មកម្លេះ ពេលប្រលងជាប់ភ្លាមរៀនបន្ត និងធ្វើការងារ ព្រមទាំងឆ្លៀតពេលឡើងប្រកួតនៅលើសង្វៀនប្រដាល់គុនខ្មែរ ដើម្បីយកថវិការចំណាយក្នុងជីវភាពប្រចាំថ្ងៃ។ ហើយបច្ចុប្បន្ននេះ សយ សុខ ក៏ទើបតែបញ្ចប់ការសិក្សាផ្នែកវិស្វករអគ្គិសនី ហើយការសិក្សាមួយផ្នែកក៏បានមកពីគុនខ្មែរនេះផងដែរ។ លោក ឡុង វិបុល បានបន្ថែមទៀតថា កីឡាករវ័យ២៨ឆ្នាំរូបនេះ បានចូលរួមចំណែកក្នុងការជួយអភិរក្សគុនខ្មែរយ៉ាងខ្លាំង ហើយក៏ជាក្តីសង្ឃឺមរបស់គុនខ្មែរ ដើម្បីជួយផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ។
សម្រាប់អ្នកប្រដាល់គុនខ្មែរ សយ សុខ ភាគច្រើនអាចប្រកួតលើ២ប្រភេទទំងន់ខុសគ្នាបាន គឺ៥៣ និង ៥៧ ហើយកីឡាកររូបនេះសព្វថ្ងៃពេញចិត្តនិងក្បាច់របស់កីឡាករ ឃីម ឌីម៉ា ព្រោះថា ឌីម៉ា សំបូរក្បាច់កាច់ៗច្រើនដើម្បីប្រកួតឈ្នះដៃគូនៅលើសង្វៀន៕
ខាងក្រោយនេះគឺជាការហ្វឹកហាត់កីឡាករគុនខ្មែរ សយ សុខ និង លោកគ្រូ ឡុង វិបុល…