បើមិនប្រែប្រួលទេ មឿន សុខហ៊ុច ត្រូវជំនួស ឡៅ ចិត្រា ប្រកួតជាមួយ យ៉េន ឌីណា
ដោយសារតែដៃរបស់ ឡៅ ចិត្រា មានបញ្ហាកំឡុងពេលហ្វឹកហាត់ ពោលគឺពេលហ្វឹកហាត់នៅមានសភាពហើមដដែរ ទើបសប្តាហ៍នេះការប្រកួតដណ្តើមប្រាក់លានជាមួយ យ៉េន ឌីណា ត្រូវអវត្តមាន ឡៅ ចិត្រា ហើយជំនួសដោយកីឡាករ មឿន សុខហ៊ុច នេះប្រសិនបើមិនប្រែប្រួលទេនោះ។
គួររំលឹកថា ដៃរបស់កូនសិស្សលោកគ្រូ ហង្ស សឿន រូបនេះមានបញ្ហាតាំងពីប្រកួតជាមួយ មឿន សុខហ៊ុច ដណ្តើមពានរង្វាន់លោកគ្រូ ម៉ា សេរី មកម្លេះ ហើយ ឡៅ ចិត្រា ក៏បានសម្រាកឡើងសង្វៀនជាច្រើនសប្តាហ៍ផងដែរ តែផ្ទុយមកវិញ នៅពេលហ្វឹកហាត់ដើម្បីត្រៀមខ្លួនប្រកួត ស្រាប់តែដៃនេះមានសភាពហើម ដូច្នេះត្រូវដកខ្លួនពីការប្រកួតហើយទៅពេទ្យដើម្បីស្កេនពិនិត្យមើលថា តើបាក់ឆ្អឹកក្រញាំដៃ រឺក៏មានបញ្ហាអ្វីផ្សេង។ ចំណែកឯ មឿន សុខហ៊ុច វិញក៏មិនទាន់រលូនដែរ ពោលគឺទើបតែព្យាបាលរបួសជង្គង់ហើយថ្មីៗ តែដោយសារត្រូវការលុយដើម្បីបង់ផ្ទះគេរាល់ខែ ទើបសម្រេចចិត្តទទួលយកការប្រកួតមួយនេះ។
សូមបញ្ជាក់ថា បើមិនប្រែប្រួលទេ មឿន សុខហ៊ុច ចូលជំនួស ឡៅ ចិត្រា ប្រកួតជាមួយ យ៉េន ឌីណា ដើម្បីប្រាក់លាននៅសង្វៀនស៊ីអិនស៊ី រសៀលថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕