ដឹងមូលហេតុដែល ឡៅ ចិត្រា មិនឆ្លើយតបជាមួយលោក ហ៊ុន ចន្ទរាជហើយ!
ពាក្យចាស់តែងពោលថា ក្អែក១ទៅជាក្អែក១០ ពាក្យនេះពិតជាត្រឹមត្រូវណាស់ ព្រោះថាមួយរយៈកាលក្រោយនេះគេឃើញមានបងប្អូនដែលស្រឡាញ់និងគាំទ្រវិស័យក្បាច់គុនខ្មែរជាច្រើន មានប្រតិកម្មជាមួយលោកគ្រូ ហង្ស សឿន ដែលឃាត់ឃាំងមិនឲ្យកូនសិស្សរបស់លោក គឺកីឡាករ ឡៅ ចិត្រា ចេញទៅប្រកួតនៅក្រៅស្រុក តែផ្ទុយមកវិញគឺលោកមិនដឹងអ្វីទាំងអស់នៅក្នុងរឿងនេះ។
បើយោងតាមសំដីរបស់លោកគ្រូ ហង្ស ម៉ាខេម ដែលជាគ្រូជំនួយនៅក្នុងសាលាគុនឆ័ត្រយោង៩១១ បានមានប្រសាសន៍ប្រាប់ MSR ថា៖ ក្លឹបមិនបានហាមឃាត់កូនសិស្សមិនឲ្យចេញទៅប្រកួតនៅក្រៅប្រទេសឡើយ។ លោកគ្រូក៏បានបន្ថែមទៀតថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ដូច្នេះប្រសិនមានប្រម៉ូទឺ រឺ ម្ចាស់ក្លឹបណាចង់បានកូនសិស្សរបស់លោកចេញទៅប្រកួតនៅក្រៅស្រុក គឺត្រូវធ្វើតាមច្បាប់។
ឧទាហរណ៍ដូចជា៖ ត្រូវធ្វើលិខិតជូនដំណឹងទៅកាន់សហព័ន្ធប្រដាល់គុនខ្មែរ ហើយធ្វើលិខិតជូនមកដល់ម្ចាស់ក្លឹបកីឡាករនោះ ជាពិសេសសាម៉ីខ្លួនទៀតសោត ថាតើមានបំណងចង់ចេញទៅប្រកួតនៅក្រៅប្រទេសដែររឺអត់? សរុបមកធ្វើតាមច្បាប់តែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយរង់ចាំចម្លើយតែប៉ុណ្ណោះ។
ដូចនេះក្លឹបមិនបានហាមឃាត់កីឡាករមិនឲ្យចេញទៅប្រកួតនៅក្រៅប្រទេសទេ គ្រាន់តែសំណូមពរឲ្យធ្វើតាមច្បាប់ទៅរួចរាល់ហើយ៕