មុនចេញពីបឹងកេត ចាន់ វឌ្ឍនាកា បើករថយន្តស៊េរីទំនើបជួបគ្រោះថ្នាក់
កាលពីយប់មិញនេះមានហេតុការណ៍មួយបានកើតឡើងនៅខាងក្រោយស្ពានអាកាស៧មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី កែងនិងផ្លូវ២៧១ភូមិបូរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខកាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩។
សាក្សីបានឱ្យដឹងថារថយន្តលុចស៊ីស៊េរីទំនើប NX200t មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AX7011បើកបរដោយតារាបាល់ទាត់កម្ពុជា ចាន់ វឌ្ឍនាកា បានបត់ស្តាំដៃឆ្លងផ្លូវលឿនពេកបួងចង្កូតមិនទាន់ជ្រុលបុកខឿនផ្លូវស្ពានអាកាស៧មករាបែករាយពេញផ្លូវរថយន្តបង្កខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ ប៉ុន្តែមិនបង្កអោយនរណាម្នាក់រងរបួសនោះទេ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។
សូមបញ្ជក់ថា វឌ្ឍនាកា ជាកីឡាករឆ្នើមប្រចាំក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ដែលធ្លាប់បានលេងនៅប្រទេសជប៉ុនឱ្យ Fujieda MYFC ក្នុង J-League 3 ក្នុងឆ្នាំ២០១៧ រួចទៅលេងឱ្យ Pahang FA នៅលីគកំពូលម៉ាឡេស៊ីនៅជុំទី១នៃរដូវកាល២០១៨ ហើយវិលមកចូលរួមក្លិបដើម បឹងកេត ដល់ចប់រដូវកាល២០១៨នៃលីហ្គកំពូលកម្ពុជា ខណៈព័ត៌មានចុងក្រោយ ផ្សាយថារូបគេត្រៀមវិលទៅប្រកបអាជីពនៅលីហ្គកំពូលម៉ាឡេស៊ីវិញ ៕