ក្រោយចាញ់នៅ Conference League យប់មិញ Conte មើលឃើញកម្រិត Spurs បែបនេះ
លោក Antonio Conte អ្នកចាត់ការ Tottenham Hotspur មើលឃើញថា កម្រិតរបស់ក្រុមលោកនៅទាបឆ្ងាយបើប្រៀបទៅនឹងក្រុមកំពូលៗឯទៀតនៅអង់គ្លេស។
“គុណផល Tottenham មិនល្អទេ។ មានការងារច្រើនត្រូវធ្វើ។ វាជាពេលដ៏លំបាកសម្រាប់ក្លិប។” នេះជាសម្ដីរបស់លោក Conte ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Metro។
គ្រូបង្វឹកជនជាតិអ៊ីតាលីបន្ថែម “៖និយាយឲ្យត្រង់ជាមួយអ្នកគាំទ្រទៅចុះ។ បង្ហាត់បាន៣អាទិត្យមកនេះ ខ្ញុំយល់ពីស្ថានភាពក្លិប។ មិនមែនជារឿងធម្មតាទេ។ កម្រិតលេងឥឡូវអត់ខ្ពស់ទេ។”
Tottenham បានចាញ់ក្លិបស្លូវេនី Mura ដែលទើបត្រូវបង្កើតឡើងក្នុងឆ្នាំ២០១២ ដោយលទ្ធផល ២ទល់នឹង១ ក្នុងការប្រកួត UEFA Conference League។ ក្រុមមាន់ខ្នាយមាសកំពុងស្ថិតនៅលេខ២ មាន៧ពិន្ទុពីការប្រកួត៥លើក ស្មើក្រុមលេខ៣ Vitesse ខណៈក្រុមកំពូលតារាង Rennes ដែលមាន១១ពិន្ទុបានឡើងទៅកាន់វគ្គ១៦ក្រុមរួចរាល់។
លោក Antonio Conte ទទូចថា លោកមិនចេះវេទមន្តអ្វីដើម្បីជួយក្រុមល្អភ្លាមៗទេ ពោលត្រូវការពេលបន្ថែមទៀតដើម្បីកែប្រែក្រុម៕