
ទើបតែបែកធ្លាយ Wayne Rooney ត្រូវប៉ូលីសសហរដ្ឋអាមេរិចចាប់ខ្លួន
អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមតោកំណាចអង់គ្លេសនិងក្រុមបិសាចក្រហម Manchester United Wayne Rooney ត្រូវបានប៉ូលីសសហរដ្ឋអាមេរិចធ្វើការចាប់ឃាត់ខ្លួននៅឯអាកាសយានដ្ឋាន Dulles International Airport ក្នុងរដ្ឋ Virginia ពីបទសេពគ្រឿងស្រវឹងនៅតាមទីសាធារណៈ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅពេលដែលរូបគេបានត្រឡប់មកពីប្រទេស អារ៉ាប់ប៊ីសាអូឌីវិញ វិញដែលគេបានចាកចេញទៅតែសម្រាកវិស្សមកាលតែមួយថ្ងៃប៉ុណ្ណោះ។
យោងតាមឯកសារតុលាការពីតុលាការ Loudoun General District Court បានអោយដឹងថាបុរសវ័យ 33 ឆ្នាំរូបនេះត្រូវបានចោទប្រកាន់និងត្រូវបង្គាប់អោយបង់ប្រាក់ពិន័យចំនួន 25 ដុល្លានិងតម្កល់ប្រាក់ចំនួន 91 ដុល្លាទៀតកាលពីថ្ងៃទី 4 ខែមករាកន្លងទៅ។ អ្នកនាំពាក្យផ្ទាល់ខ្លួនរបស់ Rooney បានប្រាប់អ្នកយកព័ត៌មានថា មូលហេតុគឺបណ្តាលមកពីកីឡាករឆ្នើមដែលកំពុងលេងអោយក្លិប DC United នៅក្របខ័ណ្ឌ Major League Soccer រូបនេះបានយកថ្នាំងងុយដេកលាយជាមួយសុរាយកមកទទួលទាននៅអំឡុងពេលគាត់កំពុងធ្វើដំណើរតាមជើងហោះហើរ។
អ្នកនាំពាក្យរូបនេះក៏បានធ្វើការសំណូមពរបន្ថែមទៀតទៅដល់អ្នកសារព័ត៌ថា សូមកុំបំប៉ោងរឿងនេះអោយហួសជ្រុលថែមទៀត ព្រោះវាអាចធ្វើអផយជីវិតឯកជនរបស់ Rooney ត្រូវប្រឈមជាមួយនិងក្លិប DC United។ គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៧កន្លងទៅរូបគេក៏ធ្លាប់មានបញ្ហាបើកបរឋិតនៅក្រោមអំណាចជាតិស្រវឹងផងដែរ ដែលនៅពេលនោះធ្វើអោយមានផលប៉ះពាល់ជាខ្លាំងដល់កិត្តិយសរបស់គេ។