អីយ៉ាស! ភ្នំពេញក្រោន បាននាំយកសមាជិកទី១៣ដែលជាកូនខ្មែរកាត់-បារាំង មកចូលរួមជាមួយក្លឹប
នៅរដូវកាលថ្មីនៃការប្រកួតបាល់ទាត់លីគកំពូលរបស់កម្ពុជាឆ្នាំនេះ ក្លឹបបាល់ទាត់និមួយៗកំពុងតែនាំគ្នាសំរុកទិញយកកីឡាករល្អៗដែលខ្លួនពេញចិត្ត ដោយនៅក្នុងនោះក្លឹបបាល់ទាត់អ្នកមានវិសាខាគឺខ្លាំងដៃជាងគេ ព្រោះបាននាំយកកីឡាករជាច្រើនមកចូលរួមជាមួយក្លឹបក្នុងរដូវកាលនេះ។
ដោយឡែកក្រៅពីក្លឹបបាល់ទាត់វិសាខា ថ្មីៗនេះបើយោងតាមការប្រកាសអោយដឹងពីសំណាក់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានចុះផ្សាយអោយដឹងថា៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមន្សរីករាយក្នុងការចុះកិច្ចសន្យាជាមួយខ្សែបម្រើការពារ ប៉ាក់ កែវម៉ូនី ជាកូនកាត់ខ្មែរ-បារាំង។កីឡាករវ័យ២៧ឆ្នាំរូបនេះ នឹងក្លាយជាសមាជិកថ្មីទី១៣ ដែលក្លឹបបាល់ទាត់ភ្នំពេញក្រោន នាំយកមកនារដូវកាលនេះ។ ម៉ូនី ចាប់ផ្តើមលេងបាល់ទាត់នាវ័យ៦ឆ្នាំ ជាមួយក្លឹប Nosiy Le Grand នៅប្រទេសបារាំង និងចាប់ផ្តើមជាកីឡាករអាជីពរបស់ Senart-Moissy ពីឆ្នាំ២០០៨ ដល់ ២០១៦ ខណៈធ្លាប់ធ្វើតេស្តនៅប្រទេសអង់គ្លេសជាមួយក្លឹប Feltham FC។ បុរសដែលអាចប្រើប្រាស់៤ភាសា ខ្មែរ, អង់គ្លេស, បារាំង និងអេស្ប៉ាញ ក៏ធ្លាប់ចុះកិច្ចសន្យាជាមួយ Tri Asia នាឆ្នាំ២០១៣ ប៉ុន្តែដោយសារបញ្ហាផ្ទាល់ខ្លួនបានត្រលប់ទៅបារាំងវិញ។ ចាប់តាំងពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៨ រូបគេបានទៅលេងបាល់ទាត់ក្នុងសាលជាមួយ San Clue Barcelona នៅប្រទេសអេស្ប៉ាញ និងឆ្នាំ២០១៨ ដល់ ឆ្នាំ២០១៩ លេងនៅ Sporting Club Saint Martinois៕