
សហព័ន្ធបាល់ទាត់ឥណ្ឌាបញ្ជាក់បញ្ហាចាក់ភ្លេងជាតិកម្ពុជា
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា បានផ្ញើលិខិតសូមអភ័យទោសដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាហើយ និងត្រូវបានបង្ហោះនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា។
ភាគីឥណ្ឌាបានសូមទោសចំពោះភាពមិនរលូននាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឥណ្ឌារកឃើញថា ភ្លេងជាតិកម្ពុជាដែលមិនត្រូវបានចាក់ទាន់ពេលនោះ មកពីបញ្ហាស្គ្រីន។
គួររំឭកថា ក្រុមកម្ពុជាបានរង់ចាំប្រហែល៤នាទីដើម្បីគោរពភ្លេងជាតិខ្លួន ទម្រាំតែបានឮ។ ដល់ពេលភ្លេងជាតិម្ចាស់ផ្ទះឥណ្ឌាវិញ បែរជាដំណើរការបានយ៉ាងរលូន។ សូម្បីតែលោក Keisuke Honda អ្នកចាត់ការជម្រើសជាតិកម្ពុជា ក៏ស្រឡាំងកាំងដែរពីបញ្ហានេះ។
តាមពិតទៅ មុនការប្រកួត ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានផ្ញើលិខិតទៅសហព័ន្ធកីឡាបាល់ទាត់អាស៊ីរឿងដាក់ទង់ជាតិកម្ពុជាខុស។ ឯកឧត្តមបានព្រមានថា ប្រសិនបើមិនមានការកែសម្រួលទេ នោះនឹងឲ្យយន្ដហោះដឹកកីឡាករកម្ពុជាមកផ្ទះវិញ។ សហព័ន្ធកីឡាបាល់ទាត់អាស៊ីក៏បានផ្ញើលិខិតសូមទោសពីបញ្ហានេះ៕