កំណត់ត្រាពិសេសៗក្រោយ CR7 ទាត់ចូលកាតារយប់មិញ
Cristiano Ronaldo បានរកគ្រាប់បាល់បញ្ចូលទីមួយគ្រាប់ក្នុងជ័យជម្នះ៣ទល់នឹង០របស់ព័រទុយហ្គាល់លើកាតារក្នុងការប្រកួតមិត្តភាពនៅថ្ងៃសៅរ៍ ទី០៩ ខែតុលា។
ខ្សែប្រយុទ្ធ Manchester United បានទាត់បញ្ចូលទីគ្រាប់បើកឆាកនាទី៣៧ ធ្វើឲ្យកាតារក្លាយជាក្រុមជម្រើសជាតិទី៤៦ត្រូវបាន CR7 រកគ្រាប់បាល់បញ្ចូលទី។
អតីតកីឡាករ Sporting Lisbon, Real Madrid និង Juventus បានកើនចំនួនគ្រាប់បាល់ក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ដល់ទៅ១១២គ្រាប់ ឈរលើគេក្នុងតារាង Top Scorers ជម្រើសជាតិ។ កាលពីខែមុន គេបានបំបែកកំណត់ត្រាវីរបុរសបាល់ទាត់អ៊ីរ៉ង់ លោក Ali Daei ដែលរកបាន១០៩គ្រាប់។
គេក៏បានក្លាយជាកីឡាករចូលលេងច្រើនជាងគេក្នុងក្រុមជម្រើសជាតិ នៅទ្វីបអឺរ៉ុប ដែលលេងបាន១៨១ប្រកួត បំបែកម្ចាស់កំណត់ត្រាចាស់ Sergio Ramos ដែលលេងបាន១៨០ប្រកួតក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ។ បើនិយាយពីកីឡាករដែលចូលលេងច្រើនបំផុតវិញ គឺលោក Soh Chin Ann ជម្រើសជាតិម៉ាឡេស៊ី ដែលលេងបាន១៩៥ប្រកួត មុនចូលនិវត្តន៍ក្នុងឆ្នាំ១៩៨៤៕