
ឃុំស្វាយចេកបង្កើតក្រុមបាល់ទាត់នារីភ្ជាប់បំណងសំខាន់ៗ
ដើម្បីចូលរួមលើកស្ទួយវិស័យកីឡា ក្រុមបាល់ទាត់នារីមួយឈ្មោះថា ស្វាយចេកយូណាយធីត ត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដែលមានមូលដ្ឋាននៅឃុំស្វាយចេក ស្រុកអង្គរ ខេត្តសៀមរាប ដែលមានចម្ងាយពីទីរួមខេត្ត២៥គីឡូម៉ែត។
សម្រាប់ចក្ខុវិស័យនៃការបង្កើតនេះក៏ធ្វើឡើងក្នុងចក្ខុវិស័យនៃការចូលរួមចំណែកបណ្ដុះបណ្ដាលយុវជនមកលេងកីឡា ជៀសឆ្ងាយពីគ្រឿងញៀន និងវិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពនៅថ្ងៃអនាគត។
ទោះបីជាក្រុមថ្នាក់មូលដ្ឋានមែន តែស្វាយចេកយូណាយធីតមានការហ្វឹកហាត់ទៀងទាត់ ដោយធ្វើឡើង៣ថ្ងៃក្នុងមួយសប្ដាហ៍ រយៈពេល២ម៉ោង ក្រោមការបង្ហាត់ពីអ្នកមានបទពិសោធ។ ទន្ទឹមនឹងនេះក៏មានការប្រកួតមិត្តភាពរៀងរាល់ខែដើម្បីបង្កើនបទពិសោធ និងសមត្ថភាព។
ក្រៅពីផ្ដោតខ្លាំងលើកីឡា ក្រុមនារីស្វាយចេកយូណាយធីតនឹងចូលរួមការងារសង្គម ដូចជាការដាំដើមឈើ និងសប្បុរសធម៌ ជាដើម៕